ព័ត៌មានបច្ចេកវិទ្យា

របាយការណ៍ៈ អេក្រង់ OLED ថ្មីរបស់ Apple កម៉្មង់ពី Samsung ថ្លៃខ្ពស់ជាងអេក្រង់ iPhone 7 ស្ទើរមួយជាពីរ

យោងតាមរបាយការណ៍ថ្មីៗដែលគេហទំព័រ The Inverter ទទួលបាននៅថ្ងៃមិ្សល​មិញ ឱ្យដឹងថា ក្រុមហ៊ុន Apple បានបញ្ជាទិញអេក្រង់ OLED សម្រាប់ iPhone ជំនាន់បន្ទាប់របស់ខ្លួនពីក្រុមហ៊ុន Samsung បន្ថែមចំនួន ៦០ លានបន្ទះទៀត សរុបមានតម្លៃ ៤.៣ ពាន់លានដុល្លារ។

ការបញ្ជាទិញថ្មីនេះ គឺធ្វើឡើងក្រោយពីក្រុមហ៊ុនផលិតអេក្រង់របស់កូរ៉េ បានព្រមព្រៀងផ្គត់ផ្គង់បន្ទះអេក្រង់ប្រភេទ OLED ចំនួន ១០០ លានបន្ទះ កាលពីឆ្នាំមុន សម្រាប់បំពាក់ឱ្យទូរសព្ទដៃ iPhone 8 លើកដំបូងបង្អស់ ហើយវាត្រូវបានព័ត៌មាន​​ចចាមអារ៉ាមលើកឡើងថា នឹងចេញប្រកាសចេញនៅខែកញ្ញាខាងមុខនេះ។

តាមរយ:កិច្ចព្រមព្រៀងនោះ អេក្រង់ OLED ថ្មីមួយបន្ទះដែលផលិតដោយក្រុមហ៊ុន Samsung គឺមានតម្លៃ ៧១ ដុល្លារ ថ្លៃខ្ពស់ជាងស្ទើរតែស្មើពីរដងធៀបទៅនឹងអេក្រង់របស់ iPhone 7 បច្ចុប្បន្នដែលមានតម្លៃត្រឹមតែ ៤០ ដុល្លារ។

របាយការណ៍ថ្មីនេះដែរ គឺស្របទៅនឹងព័ត៌មានដែលបានបែកធ្លាយចុងក្រោយនេះថា iPhone ជំនាន់ថ្មីរបស់ Apple អាចនឹងមានតម្លៃជាង ១,០០០ ដុល្លារ ដោយសារតែថ្លៃដើមក្នុងការផលិតខ្ពស់ជាងមុន៕

ប្រភពព័ត៌មាន: theinvester

មតិយោបល់