នេះគឺជាករណីថ្មីមួយទៀតហើយ ដែលអ្នកប្រើប្រាស់ទូរសព្ទដៃ iPhone រងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិត ដោយសារឆ្លងចរន្តអគ្គីសនីតាមខ្សែសាកថ្មទូរសព្ទនោះ។ ហេតុការនេះ បានកើតឡើងលើក្មេងស្រីវៀតណាមវ័យ ១៤ ឆ្នាំម្នាក់ ក្នុងពេលដែលនាងកំពុងលង់លក់ជាមួយទូរសព្ទ iPhone 6 ដាក់សាកថ្មចោល ហើយខ្សែរបស់វាមានដាច់រលាត់។
យោងតាមការឱ្យដឹងពីប៉ូលីស នាង Le Thi Xoan តែងសាកថ្មទូរសព្ទរបស់នាងជាមួយឆ្នាំងសាកមកពីនាយរបស់ក្រុមហ៊ុន Apple នៅលើគ្រែគេងខ្លួនជាងរៀងរាល់យប់។ ហើយក្នុងយប់កើតហេតុ នាងបានគេងកិនចំខ្សែសាកដែលឃើញមានដាច់រលាត់ចេញសរសៃខ្សែភ្លើងខាងក្នុង ដែលបណ្តាលឱ្យរងការឆ្លងចរន្តឆក់តែម្តង។
ឱពុកម្តាយរបស់នាង បានឃើញនាងសន្លប់បាត់បង់ស្មារតីនៅលើគ្រែ និងបានប្រញាប់ប្រញាល់បញ្ចូននាងទៅកាន់មន្ទីពេទ្យសង្គ្រោះបន្ទាន់។ តែជាអកុសល នាងត្រូវបានអះអាងថាស្លាប់បាត់បង់ជីវិតទៅហើយ។
គួររំឭកថា កាលពីឆ្នាំ ២០១៣ ក៏មានករណីនារីបម្រើការលើយន្តហោះម្នាក់វ័យ ២៣ ឆ្នាំ ជួបឧប្បត្តិវហេតុឆក់ចរន្តអគ្គីសនី ខណៈនាងទទួលទូរសព្ទហៅចូលមកទូរសព្ទ iPhone 5 របស់ខ្លួនពេលកំពុងសាកថ្មផងដែរ។
ក៏មានច្រើនទៀតដែរករណីស្រដៀងគ្នានេះ តែភាគច្រើនគេបន្ទោសទៅលើឆ្នាំងសាកថ្មដែលមិនមែនជាផលិតផលពិតចេញពីរោងចក្រដើម។
យ៉ាងណាក៏ដោយ ឆ្លងកាត់តាមរបាយការណ៍ថ្មីនេះ ទោះឆ្នាំងសាកថ្មទូរសព្ទជាផលិតផលសុទ្ធក្តី ឬក្លែងក្លាយក្តី ប្រិយមិត្តគួរតែជៀសវាងប្រើប្រាស់វាពេលកំពុងសាក ឬដាក់វាសាកថ្មចោលនៅលើក្បែរខ្លួនពេលគេងឱ្យសោះ៕
ប្រភពព័ត៌មានៈ phonearena
មតិយោបល់