ព័ត៌មានបច្ចេកវិទ្យា

ទូរសព្ទមុនដំបូងគេ ប្រើពេលសាកថ្មបំពេញត្រឹម ២០ នាទី នឹងចេញឆ្នាំក្រោយ

នៅថ្ងៃម្សិលមិញ ក្រុមហ៊ុនផលិតទូរសព្ទដៃម៉ាក Meizu របស់ចិន បានធ្វើឱ្យគេគ្រប់គ្នាមានការភ្ញាក់ផ្អើល ចំពោះការប្រកាសចេញនូវបច្ចេកវិទ្យាសាកថ្មដ៏សែនលឿនរបស់ខ្លួន ឱ្យឈ្មោះថា Super mCharge នៅឯ ពិព័រណ៍ WMC 2017 នាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

ដោយការប្រើប្រាស់ខ្សែបញ្ជូនទិន្នន័យច្នៃប្រឌិតថ្មី ដោយមានបង្កប់សៀគ្វីចម្លងចរន្តអគ្គីសនីវៃឆ្លាត ក្រុមហ៊ុន Meizu បាននិយាយថា បច្ចេកវិទ្យាដែលខ្លួនបង្កើតឡើងថ្មីនេះ អាចជួយឱ្យស្មាតហ្វូនប្រើពេលសម្រាប់សាកថ្មបំពេញបានរហ័សបំផុត គឺត្រឹមតែ ២០ នាទីប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ Meizu ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតទូរសព្ទមានតម្លៃប្រកួតប្រជែងខ្ពស់មួយនេះ បានសន្យាថា ខ្លួននឹងបញ្ចេញស្មាតហ្វូនបំពាក់បច្ចេកវិទ្យាសាកថ្មដ៏រហ័សអស្ចារ្យនេះជាលើកដំបូង នៅចុងឆ្នាំនេះ ឬក៏ដើមឆ្នាំ ២០១៨។

ទោះយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ប្រាប់លម្អិតអំពីម៉ូឌែលទូរសព្ទ ឬក៏កាលបរិច្ឆេទជាក់លាក់ណាមួយក្នុងការចេញលក់ទូរសព្ទដែលអាចសាកថ្មពេញដោយប្រើពេលមិនដល់ ៣០ នាទី នោះទេ៕ប្រភពព័ត៌មានៈ phonearena

មតិយោបល់