ក្រុមហ៊ុន Samsung បានគូសបញ្ជាក់កាលពីជិតពីរសប្តាហ៍មុនថា ខ្លួនកំពុងធ្វើការនៅលើឧបករណ៍បំពាក់ជាប់ខ្លួនថ្មីមួយទៀត ដែលវាគឺមិនមែនដូចជា SmartWatch ឬ SmartBand ទាំងស្រុងនោះទេ។
ក្រុមហ៊ុនកូរ៉េខាងត្បូង បានផ្ញើសារអេឡិចត្រូនិកទៅកាន់សមាជិកកម្មវិធី SmartLab Plus មួយចំនួន ដើម្បីស្វែករកគំនិតយោបល់របស់ពួកគេ អំពីវិធីសាស្រ្តក្នុងការផ្សព្វផ្សាយនាឡិកាដៃបច្ចេកវិទ្យាកូនកាត់ស៊េរីថ្មីរបស់ខ្លួន ដែលគ្រោងនឹងប្រកាសចេញឆាប់ៗខាងមុខ។
ព័ត៌មានដែលត្រូវបានគេទម្លាយតាមប្រព័ន្ធអនឡាញនេះ បានឱ្យដឹងបន្ថែមទៀតថា នាឡិកាដៃទំនើបម៉ូឌែលថ្មី ដែលទើបកត់បញ្ចូលក្នុងបញ្ជីរបស់គណកម្មការទំនាក់ទំនងសហព័ន្ធ FCC (Federal Communications Commission) ត្រូវបាន Samsung ដាក់ឈ្មោះឱ្យថា Gear Sport hybrid។ ដោយឡែក ចំពោះលក្ខណៈសម្បត្តិផ្សេងៗរបស់វា មិនទាន់ត្រូវបានបើកបង្ហាញនៅឡើយ។
បើតាមរូបភាពដែលបានបង្ហាញ Gear Sport គឺមានមុខមូល ស្រដៀងទៅនឹងនាឡិកាដៃ Galaxy Gear របស់ Samsung ស៊េរីបច្ចុប្បន្នអីចឹងដែរ តែទោះយ៉ាងណា បើតាមឈ្មោះរបស់វា បូកបន្ថែមការអះអាងរបស់ក្រុមហ៊ុនកន្លងមក សបញ្ជាក់ថា នាឡិកាដៃស៊េរីថ្មីនោះ គឺឋិតនៅចន្លោះរវាង SmartWatch និង SmartBand។
ថ្វីត្បិតតែ Samsung ពុំបានប្រាប់ថា Gear Sport កូនកាត់នឹងប្រកាសចេញពេលណាក៏ដោយ ក៏គេជឿថា ព្រឹត្តិការណ៍ IFA 2017 នៅខែក្រោយ គឺជាពេលវេលាដ៏វិសេសវិសាលបំផុតមួយសម្រាប់ក្រុមហ៊ុន ក្នុងការបញ្ចេញសមិទ្ធផលថ្មីៗរបស់ខ្លួនបង្អួតពិភពលោក៕
មតិយោបល់