ព័ត៌មានបច្ចេកវិទ្យា

ហេតុតែមានអ្នកសម្លាប់ខ្លួនតាម Facebook កាន់តែច្រើនឡើង ទើបក្រុមហ៊ុនដាក់ចេញវិធានការថ្មីនេះឡើង

មួយរយៈចុងក្រោយនេះ ដោយសារតែមានការធ្វើអត្តឃាតនៅតាម Facebook ជាបន្តបន្ទាប់ ទើបក្រុមហ៊ុនបណ្តាញសង្គមមួយនេះ បានប្រកាសដាក់ចេញនូវវិធានការថ្មីមួយដើម្បីកំណត់រកអត្តសញ្ញាណអ្នកប្រើប្រាស់ណាដែលមានបំណងគិតខ្លីចំពោះខ្លួន ដោយប្រើបច្ចេកវិទ្យា AI ដែលគ្រប់គ្រងដោយប្រព័ន្ធលក្ខខណ្ឌ។

ប្រព័ន្ធនេះ នឹងធ្វើការឆែក ឬសម្គាល់មើលពាក្យពេចន៍ដែលអ្នកប្រើប្រាស់បណ្តាញរបស់ខ្លួនជិត ២ ពាន់លាននាក់ ហើយវានឹងធ្វើការវិភាគលើព័ត៌មានទាំងនោះរបស់អ្នកប្រើប្រាស់ម្នាក់ៗ។ ក្នុងករណីវាកំណត់ដឹងថា ពាក្យពេចន៍ទាំងនោះមាន ត្រូវបានគេសរសេរឡើងក្នុងន័យបង្ហាញពីគោលបំណងចង់សម្លាប់ខ្លួន នោះវានឹងលោតចេញទង់ក្រហមមួយឡើងឱ្យអ្នកដទៃដឹង រួចធ្វើការប្រាស្រ័យទាក់ទងដើម្បីផ្តល់ជំនួយ។

ក្រុមហ៊ុន Facebook បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធដូចជា អ្នកជំនាញខាងចិត្តសាស្រ្ត និងអ្នកផ្តល់ប្រឹក្សាយោបល់ ដើម្បីអភិវឌ្ឍវិធីសាស្រ្តក្នុងការជួយអន្តរគមន៍ទប់ស្កាត់ការធ្វើអត្តឃាតតាមបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។

យោងតាមក្រុមហ៊ុន Facebook នេះគឺជាលើកទីមួយហើយដែលខ្លួនបានដាក់ចេញនូវប្រព័ន្ធលក្ខខណ្ឌ AI នេះ ដើម្បីសម្គាល់មើលពាក្យសម្តីរបស់អ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះចេញ ហើយវាក៏នឹងតាមសម្គាល់មើលនៅលើវីដេអូផ្សាយផ្ទាល់ និងសកម្មភាពរបស់ខ្សែបណ្តាញភេវរករផងដែរ៕

ប្រភពព័ត៌មានៈ forbes

មតិយោបល់