ក្នុងករណីលោកអ្នកគិតថាលក្ខណៈសម្បត្តិរបស់ម៉ាស៊ីនថតម៉ូឌែល EOS 77D និង Rebel T7i មិនទាន់គ្រប់គ្រាន់ នេះគឺជាដំណឹងល្អមួយ ដែលក្រុមហ៊ុន Canon បានប្រកាសចេញកាមេរ៉ាប្រភេទគ្មានកញ្ចក់ក្នុងមួយម៉ូឌែលថ្មីទៀតឈ្មោះ EOS M6។
កាមេរ៉ាប្រភេទគ្មានកញ្ចក់ក្នុងថ្មីនេះ គឺផលិតឡើងដោយគ្មានរន្ធសម្រាប់ឆ្លុះថតរូបដូចជាម៉ូឌែល M5 មុនរបស់វាអីចឹងដែរ ហើយវាបានភ្ជាប់មកជាមួយសមត្ថភាពថតរូបកាន់តែខ្ពស់ ព្រមទាំងប្រើអង្គញាណកាមេរ៉ាប្រភេទ APS-C CMOS ទំហំ ២៤.២ មេហ្គាភិចសែល អង្គប្រតិបត្តិ Digic 7 និងមានកម្រិត ISO ដែលអាចកែបានក្នុងចន្លោះ ១០០-២៥,៦០០។
បន្ថែមពីនេះ M6 ក៏មានបំពាក់ប្រព័ន្ធតភ្ជាប់ឥតខ្សែ Bluetooth, NFC, និង Wi-Fi សម្រាប់ការចែកបន្តរូបថត ឬគ្រប់គ្រងកាមេរ៉ាពីចម្ងាយ តាមកម្មវិធី Connect របស់កាមេរ៉ា Canon សម្រាប់ប្រព័ន្ធ iOS និង Android ផងដែរ។
ម្យ៉ាងវិញទៀត ដោយសារតែការថតរូប Selfie មានការពេញនិយមខ្លាំង ក្រុមហ៊ុនក៏បានរចនាអេក្រង់ LCD ទំហំ ៣ អីុញ ដែលអាចបត់ឡើងបាន ដើម្បីជួយឱ្យអ្នកប្រើប្រាស់អាចថតរូបខ្លួនរបស់ពួកគេ ឬរួមទាំងមិត្តភក្តិបានដោយងាយស្រួល និងស្អាតល្អ។
EOS M6 ក៏ជាកាមេរ៉ាប្រភេទតូច មានសមត្ថភាពផ្តិតយករូបភាព-វីដេអូក្នុងកម្រិតគុណភាពខ្ពស់ និងរហ័ស ដោយសារវាបំពាក់បច្ចេកវិទ្យា Dual-Pixel CMOS AF ហើយវាក៏មានកាណុងច្រើនប្រភេទសម្រាប់ដោះដូរទៀតផង។
Canon EOS M6 មួយម៉ូឌែលថ្មីនេះ នឹងចេញលក់ចាប់ពីខែមេសា ជាមួយតម្លៃ ៧៨០ ដុល្លារ (គិតត្រឹមតែតួកាមេរ៉ា) ហើយកាណុងរបស់វាគឺមានតម្លៃចាប់ពី ៩០០ ដុល្លារ៕
ប្រភពព័ត៌មាន: engadget
មតិយោបល់