ខណៈធនធានប្រេងកាន់តែថមថយ ក្រុមហ៊ុនផលិតរថយន្តធំៗនៅជុំវិញពិភពលោកកំពុងដុតដៃដុតជើងអភិវឌ្ឍបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនដើរដោយថាមពលអគ្គីសនីជំនួសថាមពលប្រេងសាំងសម្រាប់ផលិតផលរថយន្តអនាគតរបស់ខ្លួន។ រថយន្តអគ្គីសនី ៦ ស៊េរីខាងក្រោម គឺជាស្នាដៃចុងក្រោយដែលកើតចេញពីលទ្ធផលនៃការខិតខំរបស់ក្រុមហ៊ុនទាំងនោះ។ វានឹងត្រូវបានរចនាឡើងជាមួយម៉ាស៊ីនដើរដោយថាមពលអាគុយ មានសមត្ថភាពខ្លាំង និងបំពាក់បច្ចេកវិទ្យាទំនើបៗ អាចបើកបរបានចម្ងាយចាប់ពីជាង ៣០០ ដល់ ៥០០ គីឡូម៉ែត្រ បន្ទាប់ពីសាកថាមពលពេញម្តង។
១– Nissan Leaf ស៊េរីឆ្នាំ ២០១៨
ជាជំនាន់ទី ២ របស់រថយន្តប្រើប្រាស់ថាមពលអគ្គីសនីត្រកូល Leaf របស់ក្រុមហ៊ុន Nissan ហើយវានឹងចេញលក់ជាមួយការផ្តល់នូវជម្រើសថាមពលអាគុយពីរកម្រិត ៤០ និង ៦០ គីឡូវ៉ាត់ម៉ោង ដែលអាចឱ្យវាបរបានចម្ងាយជាង ២០០ ទៅ ៣២០ គីឡូម៉ែត្រ។ Nissan Leaf 2018 ក៏នឹងបំពាក់បច្ចេកវិទ្យា ProPilot ដែលអនុញ្ញាតឱ្យវាអាចបើកបរបានដោយស្វ័យប្រវត្តិក្នុងកម្រិតកំណត់មួយ ហើយវាត្រូវគេរំពឹងថា នឹងប្រកាសចេញក្នុងរដូវក្តៅ ឬរដូវស្លឹកឈើជ្រុះខាងមុខ មុនការចេញលក់នៅបំណាច់ឆ្នាំ ជាមួយតម្លៃចាប់ពី ៣ ម៉ឺនដុល្លារ។
២– Tesla Model 3 ស៊េរីឆ្នាំ ២០១៨
ជាមួយរថយន្តអគ្គីសនីម៉ូឌែលឆ្នាំ ២០១៨ នេះ បន្ទាប់ពីគំរូរបស់វាត្រូវបានប្រកាសចេញឆ្នាំមុន មានអតិថិជនចំនួនជិត ៤ សែននាក់រួចទៅហើយ ដែលបានកក់វាទុកមុននោះ។ ពួកគេរំពឹងថា វានឹងមានរចនាបថ សមត្ថភាព និងប្រព័ន្ធបច្ចេកវិទ្យាដូចទៅនឹងរថយន្តស៊េរី Tesla S ជាមួយតម្លៃកាន់តែល្អប្រសើរ។
តាមការឱ្យដឹងពីក្រុមហ៊ុន Model 3 នឹងអាចបរបានចម្ងាយយ៉ាងហោចណាស់ក៏ ៣៥០ គីឡូម៉ែត្រ ហើយមានតម្លៃចាប់ពី ៣៥,០០០ ដុល្លារ។ បន្ថែមពីនេះ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមចង្វាក់ផលិតកម្មរបស់វាក្នុងខែកក្កដា ហើយនឹងផលិតឱ្យបាន ៥,០០០ គ្រឿងក្នុងមួយសប្តាហ៍ រហូតដល់បំណាច់ឆ្នាំ។
៣– Audi e-tron ស៊េរីឆ្នាំ ២០១៩
Audi e-tron នឹងចាប់ផ្តើមផលិតឆ្នាំក្រោយ ក្នុងរោងចក្ររបស់ក្រុមហ៊ុននាទីក្រុង Brussels ហើយវានឹងប្រើប្រាស់ម៉ាស៊ីន និងរចនាបថរថយន្តគំរូ Quattro e-tron របស់វា ដែលបានបង្ហាញវត្តមានលើកដំបូងក្នុងឆ្នាំ ២០១៥។ រថយន្តគំរូនោះ ដើរដោយថាមពលអាគុយ ៩៥ គីឡូវ៉ាត់ម៉ៅង និងម៉ូទ័រអគ្គីសនី ៣ មួយបំពាក់នៅខាងមុខ និងពីរទៀតបំពាក់នៅខាងក្រោយ អាចផ្តល់កម្លាំងថាមពល ៤៩៦ សេះ និងល្បឿនរង្វិលជុំ ៥៩០ ញ៉ូតុនម៉ែត្រ។
ក្រុមហ៊ុន Audi បានអះអាងថា រថយន្តអគ្គីសនីមួយម៉ូឌែលនេះ អាចបើកបរបានចម្ងាយជាង ៥០០ គីឡូម៉ែត្រ បន្ទាប់ពីសាកអាគុយពេញម្តង ចំពោះតម្លៃវិញ គឺមិនទាន់ត្រូវបានបង្ហើបឱ្យដឹងនោះទេ។
៤– BMW i5 ស៊េរីឆ្នាំ ២០១៩
BMW i5 ត្រូវបានអភិវឌ្ឍបន្តពីរថយន្តកូនកាត់ i8 (ប្រើអាគុយសាក និងប្រេងសាំង) និងរថយន្តអគ្គីសនី i3។ តួខ្លួន នឹងត្រូវផលិតស្រោបដោយអាលុយមីញ៉ូម និងជ័រលាយសារធាតុសរសៃកាបូនដូចម៉ូឌែល i3 និង i8 ដែរ ហើយវាត្រូវបានគេរំពឹងថា នឹងអាចបរបានចម្ងាយពី ៣២០ ទៅ ៣៥០ គីឡូម៉ែត្រ។ សម្រាប់រយៈចម្ងាយនេះ ក៏នឹងអាស្រយទៅតាមអាគុយលីចូមដែកជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ដែលនឹងយកទៅបំពាក់ឱ្យវាផងដែរ ហើយតម្លៃរបស់វា ក៏មិនទាន់ប្រកាសចេញនៅឡើយ។
៥– Jaguar I-Peace ស៊េរីឆ្នាំ ២០១៩
រថយន្តអគ្គីសនីស៊េរីប្រណិតមួយម៉ូឌែលនេះ នឹងចាប់ផ្តើមផលិតឆ្នាំក្រោយ ដោយយករចនាបថតាមរថយន្តគំរូរបស់វា ដែលបានប្រកាសចេញនៅឯពិព័រណ៍រថយន្តនាទីក្រុង Los Angeles ឆ្នាំ ២០១៦។ រថយន្តគំរូនោះ ប្រើប្រាស់ម៉ាស៊ីនអគ្គីសនីកម្លាំង ២០០ សេះ មានល្បឿនរង្វិលជុំ ២៥៨ ញ៉ូតុនម៉ោង និងអាចបរបានចម្ងាយផ្លូវជាង ៣៥០ គីឡូម៉ែត្រ។ សម្រាប់ចង្វាក់ផលិតកម្មរបស់វា ត្រូវបានគេរំពឹងទុកថា នឹងចាប់ផ្តើមក្នុងខែមិនា ឬមេសា ឆ្នាំក្រោយ។
៦– Mercedes-Benz EQ ស៊េរីឆ្នាំ ២០១៩
ជាប្រភេទរថយន្ត Crossover លំដាប់ប្រណិតរបស់ក្រុមហ៊ុន Mercedes ដែលគំរូម៉ូដរបស់វាត្រូវបានប្រកាសចេញកាលពីឆ្នាំមុន ឯពិព័រណ៍រថយន្តទីក្រុងប៉ារីស។ វាត្រូវបានបំពាក់អាគុយកម្លាំង ៧៥ គីឡូវ៉ាត់ម៉ោង និងអាចបរបានរហូតដល់ចម្ងាយជិត ៥០០ គីឡូម៉ែត្រ ប្រហាក់ប្រហែលនឹងរថយន្តអគ្គីសនី Audi e-tron ដែរ ក្រោមការសាកល្បងបើកបរលើទីលាននៅអឺរ៉ុប។ Mercedes-Benz EQ ដ៏ស្រស់ស្អាតនេះ ឋិតក្នុងចំណោមរថយន្តអគ្គីសនី ១០ ម៉ូឌែលរបស់ក្រុមហ៊ុន ដែលគ្រោងនឹងផលិតចេញឱ្យបានមុនឆ្នាំ ២០២៥៕
ប្រភពព័ត៌មានៈ greencarreports
មតិយោបល់