ព័ត៌មានបច្ចេកវិទ្យា

ថៅកែ Samsung រងបទចោទថ្មី បានសូកប៉ាន់ប្រធានាធិបតីកូរ៉េខាងត្បូង

រដ្ឋអាជ្ញាពិសេសម្នាក់បានប្រកាសដាក់ចេញនូវពាក្យបណ្តឹងថ្មីមួយប្រឆាំងទៅនឹងថៅកែក្រុមហ៊ុន Samsung គ្រុប Lee Jae-yong នៅថ្ងៃច័ន្ទម្សិលមិញ នៅឯសន្និសិទ្ធកាសែតមួយ ដែលបានរៀបចំឡើងតែប៉ុន្មានថ្ងៃមុនការកាត់ទោសពីបទសូកប៉ាន់របស់លោក Lee ត្រូវបានគេរំពឹងថានឹងចាប់ផ្តើម។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោករដ្ឋអាជ្ញាពិសេស Park Young-soo បាននិយាយថា: «អគ្គនាយករងក្រុមហ៊ុន Samsung រូបនេះ បានផ្សំគំនិតជាមួយថ្នាក់ដឹកនាំ រាប់បញ្ចូលទាំងប្រធានការិយាល័យយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន លោក Choi Gee-soung ដើម្បីសូកប៉ាន់លោកស្រីប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង និងមនុស្សជំនិតរបស់លោកស្រី ឈ្មោះ Choi Soon-sil ដោយការលួចបន្លំថវិការបស់ក្រុមហ៊ុន ក្នុងគោលបំណងដើម្បីទទួលបាននូវការគាំទ្រសម្រាប់ការស្នងតំណែងរបស់លោក»។

ទាយាទក្រុមហ៊ុនធំបំផុតរបស់ប្រទេសវ័យ ៤៨ ឆ្នាំ រូបនេះ ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការ កាលពីសប្តាហ៍មុន ពីបទសំណូក ពាក់ព័ន្ធទៅនឹងរឿងអាស្រូវពុករលួយនយោបាយក្នុងប្រទេស ដែលឈានទៅដល់ការព្យូរមុខតំណែងរបស់លោកស្រីប្រធានាធិបតី Park Geun-hye។

ក្រុមហ៊ុន Samsung បានថ្លែងថា ខ្លួនពិតជាបានផ្តល់មូលនិធិដល់លោកស្រី Choi មែន ប៉ុន្តែបានបដិសេធថា មិនបានធ្វើឡើងក្នុងគោលបំណងស្វែងរកការគាំទ្រផ្លូវនយោបាយអ្វីឡើយ។ ចំណែកលោកស្រី Choi បានអះអាងថា លោកស្រីមិនបានផ្សំគំនិតក្នុងការច្របាច់បញ្ចូលសាខាពីររបស់ក្រុមហ៊ុន Samsung នោះទេ ខណ:លោក Lee បានឆ្លើយបំភ្លឺថា លោកមិនមានតួនាទីក្នុងការសម្រេចផ្តល់លុយបរិច្ចាគចំនួន ១៧ លានដុល្លារ ទៅឱ្យលោកស្រី Choi អ្វីទេ។

លោករដ្ឋអាជ្ញាពិសេស Park បាននិយាយថា ការអះអាងរបស់លោក Lee ទាំងអំបាលម៉ាន គឺជាពាក្យភូតកុហក។ លោកបន្ថែមថា ក្រុមនាយករបស់ Samsung ក៏បានបង្កើតកុងត្រាក្លែងក្លាយដើម្បីបំភាន់អំពើសំណូកនានារបស់ខ្លួនផងដែរ។ នេះបើយោងតាមគេហទំព័រ Bloomberg។

ទោះយ៉ាងណា ក្រុមហ៊ុន Samsung គ្រុប បានចេញមុខការពារភាពស្អាតស្អំថៅកែរបស់ខ្លួនតាមរយ:អ្នកនាំពាក្យម្នាក់ ដោយថា «យើងមិនយល់ស្របចំពោះការចោទប្រកាន់របស់លោករដ្ឋអាជ្ញាពិសេស Park Young-soo នោះទេ ហើយក្រុមហ៊ុនក៏មិនបានសូកប៉ាន់ ឬប្រើមធ្យោបាយកខ្វក់ដើម្បីស្វែងរកការគាំទ្រផ្នែកនយោបាយអ្វីនោះដែរ»។ «កិច្ចដំណើរការនីតិវិធីរបស់តុលាការនាពេលខាងមុខ នឹងបង្ហាញការពិតនេះ»៕

ប្រភពព័ត៌មាន: cnet

មតិយោបល់