ព័ត៌មានបច្ចេកវិទ្យា

Nokia គីឡូ iPhone 7 អាចនឹងប្រកាសចេញក្នុងខែមិថុនា ជាមួយតម្លៃខ្ទង់ Galaxy ស៊េរី S7

រហូតមកទល់ពេលនេះ ក្រុមហ៊ុន​ HMD Global មិនទាន់បានប្រកាសចេញទូរសព្ទ Nokia លំដាប់កំពូលរបស់ខ្លួននៅឡើយទេ ពោលគឺ ក្រុមហ៊ុនទើបតែបញ្ចេញត្រឹមស៊េរីមធ្យម និងទាបប៉ុណ្ណោះ។ ចំណែក​ Nokia 8 ដែលល្បីថា នឹងភ្ជាប់មកជាមួយសមាសធាតុផ្សំកំពូលៗនោះ មិនត្រូវបានបង្ហាញក្នុងមហាព្រឹត្តិការណ៍ WMC ២០១៧ ដូចការរំពឹងទុកនោះទេ

យ៉ាងណាក៏ដោយ យោងតាមព័ត៌មានបែកធ្លាយពីម្សិលមិញនេះ បានអះអាងថា ទូរសព្ទលំដាប់កំពូលម៉ាក Nokia នឹងប្រកាសចេញនៅក្នុងខែមិថុនា ខាងមុខ ជាមួយជម្រើសពីរម៉ូឌែល ភ្ជាប់មកជាមួយបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ជំនាន់ចុងក្រោយបង្អស់ Snapdragon 835 និងប្រើប្រាស់សម្បកផលិតពីលោហៈធាតុ។

ដោយឡែក សម្រាប់ព័ត៌មានស្តីអំពីទំហំអេក្រង់ មិនត្រូវបានទម្លាយឱ្យដឹងនោះទេ គឺគេគ្រាន់តែបង្ហើបថា ម៉ូឌែលទាំងពីរមានទំហំអេក្រង់ធំតូចខុសគ្នា ដោយមួយបំពាក់អេក្រង់តូចមានតម្លៃ ៥៨០ ដុល្លារ ឯមួយទៀតបំពាក់អេក្រង់ធំ មានតម្លៃ ៦៥០ ដុល្លារ។ នេះបើយោងតាមរបាយការណ៍ពី Android Guys ស្រង់ព័ត៌មានពីគេហទំព័រ MyDrivers។

របាយការណ៍ដដែលបាន​ឱ្យដឹងបន្ថែមថា Nokia 8 ទាំងពីរម៉ូឌែល នឹងបំពាក់កាមេរ៉ាទំហំ ២៣ មេហ្គាភិចសែលដូចគ្នា ប៉ុន្តែ មួយបំពាក់កាមេរ៉ាភ្លោះ ហើយប្រើ RAM ទំហំ ៦ ជីហ្គាបៃយ៍ ឯមួយទៀតបំពាក់កាមេរ៉ាមួយដូចធម្មតា ហើយប្រើ RAM ទំហំ ៤ ជីហ្គាបៃយ៍។

ទោះយ៉ាងណា ព័ត៌មានចចាមអារ៉ាមទាំងនេះ មិនទាន់ត្រូវបានបញ្ជាក់ថាយ៉ាងណាពីក្រុមហ៊ុន HMD Global ដោយផ្ទាល់នៅឡើយ។ Post Tech នឹងពាំនាំព័ត៌មានបន្ថែមទាក់ទងទៅនឹង Nokia 8 នេះ ប្រសិនបើវាមានការផ្លាស់ប្តូរយ៉ាងណានោះ៕

ប្រភពព័ត៌មានៈ ibtimes

មតិយោបល់