នេះគឺជាលើកទីមួយហើយដែលសម្បកទូរសព្ទផ្នែកខាងមុខ និងខាងក្រោយ ដែលគេអះអាងថាជារបស់ iPhone 8 ត្រូវបានទម្លាយចេញយ៉ាងច្បាស់ តាមរយៈរូបថតចំនួនពីរសន្លឹកដាក់បង្ហោះនៅលើប្លុក Reddit ដ៏ល្បីល្បាញ។ ប្រភពចែកចាយរូបថតបានឱ្យដឹងថា រូបថតទាំងនេះ គឺទទួលបានពីរោងចក្រផលិតសម្បកទូរសព្ទមួយ ហើយរោងចក្រនោះ បានយកវាពីអ្នកផ្គត់ផ្គង់កញ្ចក់អេក្រង់ទូរសព្ទមួយ នៅក្នុងប្រទេសចិន។
តាមរយៈរូបថតទីមួយ គេកត់សម្គាល់ដឹងថា អេក្រង់ខាងមុខរបស់ iPhone 8 គឺមានគែមជុំវិញស្តើងយ៉ាងខ្លាំង ហើយមានរន្ធបំពងសំឡេង រន្ធស្រូបសំឡេង និងកាមេរ៉ាមុខមួយ។ ចំណែកសម្បកខាងក្រោយ មានប្រឡោះ និងគម្របកាមេរ៉ាភ្លោះរាងបញ្ឈរមួយ តែគ្មានប្រឡោះសម្រាប់ដាក់បន្ទះស្កេនក្រយៅដៃ ឬ Touch ID នោះទេ។
ដោយឡែក រូបថតទីពីរ បង្ហាញឱ្យឃើញសម្បកទូរសព្ទផ្នែកខាងក្រោយពីរផ្សេងទៀត ដាក់អមជាមួយសម្បកមុខ/ក្រោយរបស់ iPhone 8 ដែលវាត្រូវគេអះអាងថា ជារបស់ iPhone 7s ដែលមានទំហំអេក្រង់ ៤.៧ អីុញ និង iPhone 7s Plus ដែលមានទំហំអេក្រង់ ៥.៥ អីុញ។ ប្រភពដដែលអះអាងបន្ថែមថា សម្បកទាំងបីម៉ូឌែលខាងលើ ក៏ត្រូវបានរចនាឡើងសម្រាប់អាចគាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែផងដែរ។

ប្រភពព័ត៌មានៈ macrumors
មតិយោបល់