ព័ត៌មានបច្ចេកវិទ្យា

កម្មវិធីគ្រប់គ្រងលេខសម្ងាត់ពេញនិយមបំផុតទាំង ៩ លើ Android ត្រូវបាន Hack ចូលដោយជោគជ័យ

មកទល់បច្ចុប្បន្ន សុវត្តិភាពលើប្រព័ន្ធអ៊ិនធើណិតគឺមិនអាចជឿជាក់បានទេ។ ដើម្បីធានាថាលេខកូដសម្ងាត់ជាច្រើនរបស់លោកអ្នកមានសុវត្ថិភាព គឺជារឿងមួយដែលសំខាន់បំផុតសម្រាប់កុំព្យូទ័រ និងស្មាតហ្វូនក្នុងការប្រឆាំងទប់ស្កាត់ការប៉ុនប៉ងវាយប្រហារជាច្រើន ហើយការប្រើប្រាស់នូវកម្មវិធី Password Managers បានក្លាយទៅជាជម្រើសមួយដែលអ្នកជំនាញសុវត្ថិភាពជាច្រើនបានណែនាំ។

Password Managers គឺជាកម្មវិធី បង្កើតនូវលេខកូដសម្ងាត់ដែលស្មុគស្មាញ ក្នុងការរក្សាទុកពាក្យសម្ងាត់ និងការរៀបចំនូវពាក្យសម្ងាត់សម្រាប់កុំព្យូទ័រ គេហទំព័រ កម្មវិធី និងបណ្តាញណែតវើកថែមទៀតផង។ ប៉ុន្តែកម្មវិធី Password Managers ខ្លួនឯងក៏ជាជនរងគ្រោះ ក្នុងការវាយប្រហារផងដែរ។

ពាក់ព័ន្ធនឹងរឿងនេះ របាយការណ៍ថ្មីមួយបានបង្ហាញថា កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Managers) មួយចំនួនដែលពេញនិយមបំផុត អាចនឹងត្រូវរងគ្រោះហើយអាចទម្លាយនូវទិន្នន័យសម្ងាត់នៃឯកជនភាពរបស់អ្នកប្រើប្រាស់បានទៀត។

របាយការណ៍នេះបានចេញផ្សាយនៅថ្ងៃអង្គារ ដោយក្រុមអ្នកជំនាញសន្តិសុខសុវត្ថិភាពមកពី TeamSIK នៃវិទ្យាស្ថាន Fraunhofer Institute ផ្នែកសន្តិសុខព័ត៌មានវិទ្យា (Secure Information Technology) នៅក្នុងប្រទេសអាឡឺម៉ង់បានទម្លាយឱ្យដឹងថា កម្មវិធី Password Managers ចំនួន ៩ ដ៏ពេញនិយមលើប្រព័ន្ធ Android គឺងាយស្រួលក្នុងការរងគ្រោះណាស់។

TeamSIK និយាយថា “កម្មវិធី Password Managers ទាំងនេះមិនបានផ្តល់នូវយន្តការនៃការការពារឱ្យបានគ្រប់គ្រាន់នោះទេសម្រាប់រក្សាទុកនូវពាក្យសម្ងាត់ និងទិន្នន័យឯកជនភាព (Credentials) ។”

នៅក្នុងកម្មវិធីនីមួយៗ ក្រុមអ្នកស្រាវជ្រាវរកឃើញថា កំហុសឆ្គងដែលជាភាពរងគ្រោះមួយ ឬច្រើនដែលសរុបទាំងអស់មានចំនួន 26 ដែលអ្នកប្រើប្រាស់រាយការណ៍ទៅកាន់អ្នកអភិវឌ្ឍកម្មវិធី និងត្រូវបានដោះស្រាយមុនពេលរបាយការណ៍នេះបង្ហោះជាសាធារណៈ។

ក្រុមស្រាវជ្រាវនឹងធ្វើបទបង្ហាញលទ្ធផលនៃការរកឃើញរបស់ពួកគេនៅក្នុងសន្និសីទ HITB នៅខែក្រោយនេះ។ សម្រាប់ព័ត៌មានលម្អិតនៃបច្ចេកទេសអំពីការរងគ្រោះនៃកម្មវិធីនីមួយៗ អ្នកប្រើប្រាស់អាចមើលទៅលើរបាយការណ៍របស់ក្រុម TeamSIK បាន។

ចាប់តាំងពីបញ្ហានេះត្រូវលាតត្រដាង អ្នកប្រើប្រាស់ត្រូវណែនាំឱ្យធ្វើបច្ចុប្បន្នភាព (Update) នូវកម្មវិធី Password Manager របស់ខ្លួនឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ព្រោះពេលនេះក្រុមហេគឃ័រមានទិន្នន័យទាំងអស់ដែលពួកគេលួចបាននៅក្នុងកម្មវិធី Password Manager ជាច្រើនដែលមានកំហុសឆ្គងទាំងនេះ៕

ប្រភពព័ត៌មាន៖ thehackernews.com

មតិយោបល់