ព័ត៌មានបច្ចេកវិទ្យា

ទូរសព្ទធ្លាក់ចូលទឹក មិនដឹងត្រូវធ្វើម៉េច? សូមសាកវិធីទាំងនេះសិនទៅ!

ជាការពិតណាស់ ទូរសព្ទដៃមានសត្រូវធំបំផុតមួយគឺ “ទឹក” ព្រោះផ្នែកខាងក្នុងរបស់វាសុទ្ធតែផ្គុំឡើងដោយគ្រឿងអេឡិចត្រូនិច។ បើពេលណាប៉ះត្រូវទឹកហើយ វានឹងឆ្លង ហើយគាំងដំណើរការភ្លាម។ ដោយមើលឃើញពីបញ្ហានេះ ក្រុមហ៊ុនមួយចំនួនបានប្រើប្រាស់បច្ចេកវិទ្យាការពារទឹកជ្រាបលើផលិតផលទូរសព្ទរបស់ពួកគេ ដូច្នេះ អតិថិជនដែលជាវទូរសព្ទទាំងនោះ ពួកគេមិនខ្វល់ពីបញ្ហាត្រូវទឹកប៉ុន្មានទេ។

ប៉ុន្តែ ចុះបើទូរសព្ទរបស់លោកអ្នកមិនត្រូវបានការពារដោយបច្ចេកវិទ្យានោះវិញ ហើយចៃដន្យធ្លាក់ចូលទឹក តើគិតធ្វើម៉េចទៅ? មិនថ្វីទេ Post Tech មានវិធីអាចជួយលោកអ្នកបាន ហើយវាអាចយកទៅអនុវត្តនៅផ្ទះបានទៀតផង។

– ស្រង់ទូរសព្ទចេញពីទឹក ហើយបិទវាចោល

នៅពេលដែលទូរសព្ទលោកអ្នកធ្លាក់ចូលទឹកភ្លាម លោកអ្នកត្រូវស្រង់វាឡើងមកវិញជាបន្ទាន់ រួចចុចបិទ ឬពន្លត់ម៉ាស៊ីនរបស់វាចោល។ ធ្វើបែបនេះ វាអាចជួយទប់ស្កាត់ទឹកមិនឱ្យជ្រាបដល់គ្រឿងក្នុងទូរសព្ទ និងការឆ្លងចរន្តទាន់ពេលវេលា។

– បម្រាម ៦ ចំណុច មិនឱ្យរំលោភ

ហាមបើកទូរសព្ទឡើងវិញ បើមិនទាន់អនុវត្តវិធីខាងក្រោម
– ហាមចុចប៊ូតុងណាមួយលេងឱ្យសោះ
– ហាមដោតទូរសព្ទជាមួយឧបករណ៍ផ្សេងៗ
– ហាមគោះ ឬផ្លុំខ្យល់ចូលក្នុងទូរសព្ទ
– ហាមប្រើកម្តៅដើម្បីសម្ងួតទឹក ព្រោះវាអាចប៉ះពាល់ដល់គ្រឿងម៉ាស៊ីនទូរសព្ទ
– ហាមកាន់ទូរសព្ទក្រឡាប់ផ្កាប់ផ្ងារ បើលោកអ្នកមិនចង់ឱ្យទឹកធ្លាក់ចូលម៉ាស៊ីនទូរសព្ទ

– ដោះផ្នែកផ្សេងៗរបស់ទូរសព្ទចេញពីគ្នា (ប្រសិនបើអាច)

សូមដោះសម្បកទូរសព្ទចេញ រួចដោះបំបែកផ្នែកផ្សេងៗដូចជា ថ្ម អង្គចងចាំ ស៊ីមកាត ជាដើម ចេញពីគ្នា ប្រសិនបើអាច។ លើសពីនេះ បើលោកអ្នកមានឧបករណ៍សម្រាប់មូលខ្ចៅរបស់វា សូមសាកល្បងធ្វើចុះ ហើយមិនចាំបាច់ខ្លាចដាច់តែមធានានោះទេ។ ធ្វើដូច្នេះ វាអាចជួយឱ្យទឹកដែលចូលក្នុងម៉ាស៊ីនឆាប់ស្ងួតបាន។

– ប្រើក្រដាសជូតមាត់ផ្តិត ឬជក់ទឹកចេញ

លោកអ្នកអាចប្រើក្រដាសជូតមាត់ដែលងាយស្រួលជក់ទឹក ទៅផ្តិតលើទូរសព្ទត្រង់កន្លុកកន្លៀតណាដែលមានសំណើមតាមដែលអាចធ្វើទៅបាន។

– ប្រើម៉ាស៊ីនបូមធូលីសម្អាត

ម៉ាស៊ីនបូមធូលីអាចមានប្រយោជន៍ជួយបឺតទឹកចេញពីក្នុងទូរសព្ទត្រង់កន្លែងដែលលោកអ្នកមិនអាចប្រើក្រដាសជូតផ្តិតបាន។ ប៉ុន្តែ បើសិនម៉ាស៊ីនរបស់អ្នកធំពេក សូមកុំព្យាយាមសាកល្បងអី ព្រោះនៅមានវីធីប្រសើរជាងនេះនៅខាងក្រោមមួយផ្សេងទៀត។

– យកវាទៅសម្ងួតក្នុងអង្ករ និងជែលស៊ីលីកា

លោកអ្នកប្រហែលមិននឹកស្មានដល់ទេថា អង្ករអាចប្រើដើម្បីបឺត ឬសម្ងួតជាតិទឹកក្នុងម៉ាស៊ីនទូរសព្ទបាន និងយ៉ាងមានប្រសិទ្ធភាព ហើយវាងាយស្រួលរកបំផុត។ បន្ទាប់ពីប្រើវិធីខាងលើរួច លោកអ្នកគ្រាន់តែយកម៉ាស៊ីនទូរសព្ទទៅកប់ក្នុងអង្ករ ហើយទុកចោលប្រហែលពីរបីថ្ងៃ នោះជាតិទឹកទាំងប៉ុន្មាននឹងត្រូវហួតអស់ជាមិនខាន។​ ដោយឡែក លោកអ្នកក៏អាចប្រើជែលស៊ីលីកាដែលភាគច្រើនត្រូវបានច្រកជាកញ្ចប់ភ្ជាប់មកជាមួយប្រអប់គ្រឿងអេឡិចត្រូនិក និងស្បែកជើងក៏បាន ហើយវាសារជាតិជែលនេះ អាចប្រើដើម្បីសម្ងួតជាតិទឹកចេញពីទូរសព្ទបានឆាប់រហ័យជាងអង្ករទៅទៀត៕

ប្រភពព័ត៌មានៈ androidauthority

មតិយោបល់