ក្រុមហ៊ុន Apple នៅថ្ងៃនេះ បានពង្រីកកម្មវិធីសេវាកម្មធានារ៉ាប់រង AppleCare+ របស់ខ្លួន ឱ្យមានសុពលភាពរហូតដល់ ១ ឆ្នាំគិតចាប់ពីថ្ងៃទិញ សម្រាប់ទូរសព្ទ iPhone គ្រប់ម៉ូឌែល ដែលកាលពីមុនមានត្រឹមតែរយៈពេល ៦០ ថ្ងៃប៉ុណ្ណោះ។
ព័ត៌មាននៃការផ្លាស់ប្តូរនេះ ពុំទាន់ឃើញមានការប្រកាសជាផ្លូវការណ៍ណាមួយ លើគេហទំព័ររបស់ក្រុមហ៊ុននៅឡើយទេ គឺវាត្រូវបានរាយការណ៍ឱ្យដឹងតាមរយៈគេហទំព័រ MacRumors និងមានការទទួលស្គាល់ពីតំណាងក្រុមហ៊ុនម្នាក់។ ប៉ុន្តែ បើលោកអ្នកចូលទៅកាន់គេហទំព័រសម្រាប់ឆែកមើលសេវាកម្មធានារបស់ Apple តាមអាសយដ្ឋាន www.checkcoverage.apple.com ដោយការវាយបញ្ចូលលេខ IMEI (លេខតួម៉ាស៊ីនទូរសព្ទ) របស់ទូរសព្ទ iPhone នោះគេនឹងឃើញជម្រើសនៃការទិញសេវាកម្មធានាថ្មីមួយ ដែលមានរយៈពេល ១ ឆ្នាំ ជាមិនខាន។
គួរបញ្ជាក់ថា កម្មវិធីធានារ៉ាប់រងស្មាតហ្វូន AppleCare+ គឺជាសេវាគាំពារទូរសព្ទពី Apple ដែលគ្របដណ្តប់ទាំងលើការជុសជុល និងគ្រឿងបន្លាស់ បន្ថែមពីលើសេវាធានា AppleCare ដែលផ្តល់ជូនឥតគិតថ្លៃនៅពេលទិញ iPhone ថ្មី។ សេវាកម្មនេះ អាចទិញនៅហាងមានអាជ្ញាបណ្ណពី Apple ផ្ទាល់ ឬបញ្ជាទិញតាមអនឡាញក៏បានក្នុងតម្លៃ ១២៩ ដុល្លារ ប៉ុន្តែ iPhone របស់លោកអ្នក ត្រូវឆ្លងកាត់ការឆែកសុខភាពពីចម្ងាយដោយក្រុមហ៊ុនផ្ទាល់ជាមុនសិន៕
ប្រភពព័ត៌មានៈ theverge
មតិយោបល់