ព័ត៌មានបច្ចេកវិទ្យា

Update: Apple ឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់ Hacker មួយក្រុមកាលពីម្សិលមិញ

កាលពីម្សិលមិញមាន Hacker មួយក្រុមបានគំរាមលុបចោលទិន្នន័យពីក្នុង iPhone ចំនួន ២០០ លានគ្រឿង ហើយនៅព្រឹកថ្ងៃនេះ ក្រុមហ៊ុន Apple ស្រាប់តែចេញមុខមកអះអាងប្រាប់ទៅដល់អតិថិជនថា ប្រព័ន្ធការពារសុវត្ថិភាពរបស់ខ្លួន ពុំមានការជ្រៀតចូលបានពីសំណាក់ Hacker ណាមួយរួចឡើយ។

ក្រុម Hacker មិនបញ្ចេញមុខនោះមានឈ្មោះថា Turkish Crime Family ពួកគេអះអាងថាបាននឹងកំពុងគ្រប់គ្រងគណនី Apple និងគណនី iCloud​ សរុបជាង ៥៥៩ លាន។ នេះដោយយោងតាមប្រភពសារព័ត៌មាន Motherboard​ ចេញផ្សាយកាលពីម្សិលមិញ។

បើតាមសម្តីរបស់អ្នកនាំពាក្យរបស់ក្រុមហ៊ុន បានឲ្យដឹងថា ប្រព័ន្ធការពារសុវត្ថិភាពលើ Apple ID និង iCloud សុទ្ធតែគ្មានចន្លោះប្រហោងណាអាចជ្រៀតចូលបានឡើយ។

គួរបញ្ជាក់ថា កាលពីម្សិលមិញក្រុម Hacker ដដែលបានទាមទារទឹកប្រាក់ចំនួន ៧៥ ពាន់ដុល្លារ ពីក្រុមហ៊ុន Apple ឲ្យបញ្ជូនតាមបណ្តាញផ្ទេរប្រាក់ Bitcoin ឬ Ethereum ដែលជាក្រុមហ៊ុនរូបិយប័ណ្ណអនឡាញមួយ ឬប្រគល់ជា iTunes gift cards សរុបចំនួន ១ សែនដុល្លារ ដើម្បីធ្វើជាថ្នូរនិងការលុបបំបាត់ទិន្នន័យដែលកំពុងមានក្នុងដៃចោល៕

 

ប្រភពព័ត៌មាន៖ fortune.com

 

មតិយោបល់