ព័ត៌មានបច្ចេកវិទ្យា

ដំណោះស្រាយបញ្ហាកម្មវិធី iTunes លើ Windows 10 មិនស្គាល់ iPhone/iPad ពេលដោតភ្ជាប់

ប្រិយមិត្តដែលបានអាប់ដេតប្រព័ន្ធប្រតិបត្តិនៅលើកុំព្យូទ័រទៅកាន់ Windows 10 ប្រហែលជាបានជួប​ ឬនឹងជួប ករណី iTunes មិនស្គាល់ iPhone/iPad​ ពេលដោតភ្ជាប់គ្នារវាងខ្សែ USB។ ករណីនេះកើតមានច្រើនណាស់ចំពោះ អ្នកប្រើប្រាស់ដែលបានដំឡើងប្រព័ន្ធ Windows 10 រួច។ ដំណោះស្រាយជាក់លាក់សម្រាប់បញ្ហាមួយនេះ គឺមិនទាន់មាននោះទេ ប៉ុន្តែមានវិធី ៧ យ៉ាងអាចជួយប្រិយមិត្តឲ្យជៀសផុតពីបញ្ហានេះបាន ដោយ​ Post Tech សូមបង្ហាញជូនដូចខាងក្រោម៖

១ – លុបកម្មវិធី iTunes រួចដំឡើងវាសារជាថ្មី
លុបកម្មវិធី iTunes ចេញពីក្នុងកុំព្យូទ័រ រួចដោនឡូដកម្មវិធី iTunes ជំនាន់ថ្មី យកមកដំឡើងវិញ។

២ – អាប់ដេតកម្មវិធី iTunes ទៅកាន់ជំនាន់ចុងក្រោយបង្អស់
បើអ្នកទើបតែដំឡើងកម្មវិធី iTunes សូមអាប់ដេតវាទៅកាន់កំណែចុងក្រោយមួយ។

៣ –  បិទបើកសារជាថ្មី ទាំងនៅលើ iPhone/iPad និង កុំព្យូទ័រ
សាកល្បងបិទបើក iPhone/iPad និងកុំព្យូទ័រ រួចហើយដោតវាភ្ជាប់គ្នាម្តងទៀត។

៤ –  ព្យាយាមប្រើរន្ធ USB ផ្សេង
មានពេលខ្លះបញ្ហាអាចមកពីរន្ធ USB កុំព្យូទ័ររបស់អ្នកដំណើរការមិនល្អ បណ្តាឲ្យកុំព្យូទ័រមិនស្គាល់ iPhone/iPad​ ពេលដោតភ្ជាប់ ហេតុដូចនេះ សូមសាកល្បង ដោតរន្ធផ្សេងៗទៀត បើសិនជាមាន។

៥ –  ប្តូរខ្សែ USB ថ្មី
ប្រសិនបើខ្សែ USB របស់ iPhone/iPad មានបញ្ហា វាអាចរារាំងមិនឲ្យលោកអ្នកតភ្ជាប់ទៅកាន់កុំព្យូទ័របាននោះទេ ជម្រើសដ៏ល្អគួរខ្ចីខ្សែ USB របស់គេមកសាកល្បងជាមុនសិន មុនសម្រេចចិត្តទិញថ្មី

៦ –  ចុច Trust លើ iPhone/iPad
នៅពេលដែល iPhone/iPad បានដោតភ្ជាប់ជាមួយកុំព្យូទ័ររួច វានឹងលោតសារមួយបង្ហាញនៅលើ iPhone/iPad បន្ទាប់មកអ្នកត្រូវប្រាកដថា ចុចលើពាក្យ  Trust This Computer ដើម្បីបើកការអនុញ្ញាតឲ្យកុំព្យូទ័រ មានសិទ្ធគ្រប់គ្រងទិន្នន័យលើ iPhone/iPad

៧ –  ដំឡើងកំណែថ្មីលើប្រព័ន្ធប្រតិបត្តិ Windows 10
បើកកម្មវិធី Settings ដោយចុចលើ Keyboards ប៊ូតុង Windows +​ អក្សរ​ I បន្ទាប់មកចុចលើ Update & Security -> Windows Update លោកអ្នកត្រូវតែដំឡើងកំណែប្រព័ន្ធ Windows 10 ថ្មីដែលមានទាំងអស់។

បញ្ជាក់៖ បើសិនជាធ្វើតាមវិធីទាំងនេះហើយ នៅមិនទាន់ដោះស្រាយបញ្ហាបានទៀត មានន័យថា កម្មវិធីដែលលោកអ្នកបានដំឡើង ឬ Driver ក្នុងកុំព្យូទ័រមានការកុងគ្នានឹងកម្មវិធី iTunes ហេតុដូចនេះ សូមប្រិយមិត្តធ្វើការ Refresh ប្រព័ន្ធ Windows 10 ឬដំឡើងប្រព័ន្ធ Windows 10 សារជាថ្មី៕

មតិយោបល់