Galaxy S8 និង S8+ គឺជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដែលទើបប្រកាសចេញកាលពីសប្តាហ៍មុន។ វាបានពាំនាំមកជាមួយលក្ខណៈសម្បត្តិ និងបច្ចេកវិទ្យាទំនើបៗឈានមុខគេជាច្រើន ដែលសូម្បីតែទូរសព្ទ iPhone ជំនាន់ចុងក្រោយគេ នាពេលបច្ចុប្បន្ន ពោលគឺ iPhone 7/ 7 Plus ក៏មិនអាចប្រៀបប្រដូចបាននោះដែរ។ ក្នុងនោះមានដូចជា៖
១– បច្ចេកវិទ្យាស្កេនប្រស្រីភ្នែក
បច្ចេកវិទ្យាស្គេនប្រស្រីភ្នែក ឬ Iris scanner របស់ S8 និង S8+ អាចប្រើសម្រាប់ដោះសោចូលទៅកាន់ការប្រើប្រាស់ទូរសព្ទ និងកញ្ចប់ឯកសារសុវត្ថិភាពផ្សេងៗបាន។ ក្រុមហ៊ុន Samsung អះអាងថា វាផ្តល់នូវសន្តិសុខសុវត្ថិភាពរឹងមាំជាងបន្ទះស្គេនក្រយៅដៃ ដែល iPhone កំពុងប្រើប្រាស់សព្វថ្ងៃ។

២– មុខងារថតសម្គាល់ផ្ទៃមុខសម្រាប់ដោះសោ
Galaxy S8 និង S8+ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើកាមេរ៉ាមុខ ដែលទុកសម្រាប់ថតរូប Selfie ថតសម្គាល់ផ្ទៃមុខដើម្បីដោះសោទូរសព្ទបាន ហើយវាមានល្បឿនលឿនជាង iris scanner និង fingerprint ថែមទៀតផង។

៣– អេក្រង់ធំ លាតសន្ធឹងស្ទើរគ្មានស៊ុម
ផ្ទៃអេក្រង់របស់ Galaxy S8 និង S8+ ត្រូវបានពង្រីកឱ្យលាតសន្ធឹងរហូតស្មើនឹង ៩៣% នៃផ្ទៃទូរសព្ទ។ តាមរយៈរចនាបទនេះ Samsung អាចបង្កើនទំហំអេក្រង់របស់វារហូតដល់ ៥.៨ អីុញ និង ៦.២ អីុញ តែរក្សាទំហំទូរសព្ទនៅដដែល ខណៈដែល iPhone 7 និង 7 Plus មានអេក្រង់ទំហំត្រឹមតែ ៤.៧ អីុញ និង ៥.៥ អីុញ។

៤– អាចសាកថ្មដោយមិនចាំបាច់ដោតខ្សែចូលតួទូរសព្ទ
Samsung រចនាឆ្នាំងសាកថ្មឥតខ្សែជំនាន់ថ្មី មានរាងជាបន្ទះមូលមានជើងទម្រយ៉ាងស្រស់ស្អាតសម្រាប់ Galaxy S8 និង S8+ បន្ថែមពីលើបច្ចេកវិទ្យាសាកថ្មរហ័ស អាចបំពេញថាមពលថ្មលឿនជាងឆ្នាំងសាកធម្មតា ខណៈទូរសព្ទ iPhone ពុំទាន់មាននៅឡើយ។

៥– អាចប្រើឌុយដោតកាសធម្មតាបាន
អ្នកប្រើប្រាស់អាចប្រើឌុយកាសធម្មតា ប្រភេទ 3.5mm សម្រាប់ដោតភ្ជាប់ជាមួយខ្សែកាស និងឧបករណ៍ផ្សេងៗជាច្រើនផ្សេងទៀត បន្ថែមពីលើជម្រើសតភ្ជាប់ឥតខ្សែបានជាមួយទូរសព្ទ Samsung ស៊េរីចុងក្រោយនេះ។ ប៉ុន្តែ សម្រាប់ iPhone 7/ 7 Plus វិញ គឺអាចប្រើបានត្រឹមតែជាមួយកាសឥតខ្សែប៉ុណ្ណោះ។

៦– Samsung Pay អាចប្រើទូទាត់វិក្កយបត្រតាមម៉ាស៊ីនឆូតកាតធម្មតាបាន
ជាមួយការប្រើប្រាស់សេវាកម្មទូទាត់ការចាយវាយតាម Samsung Pay អ្នកមិនចាំបាច់ត្រូវការបន្ទះ NFC ពិសេសណាមួយ ដូចជាសេវាកម្ម Apple Pay ឡើយ។ ពោលគឺ វាអាចប្រើជាមួយម៉ាស៊ីនឆូតកាត់ធម្មតាបានតែម្តង។

៧– ភ្ជាប់មកជាមួយកម្មវិធីដែលអាចដំណើរការជាមួយវ៉ែនតា VR រួចជាស្រេច
លោកអ្នកនឹងទទួលបានការបន្ថែមជូនវ៉ែនតា Gear VR មួយ ប្រសិនបើកម្ម៉ង់ទិញ Galaxy S8 ឬ S8+ មុនថ្ងៃទី ២១ មេសា ហើយអាចប្រើជាមួយវ៉ែនតានោះ ដោយមិនចាំបាច់ត្រូវការទាញយកកម្មវិធីបន្ថែមអ្វីនោះឡើយ ពោលគឺ វាមានភ្ជាប់កម្មវិធី VR ស្រាប់តែម្តង។ ដោយឡែក សម្រាប់ iPhone វិញ គឺវាអាចប្រើប្រាស់បានតែជាមួយវ៉ែនតា VR មួយចំនួន ដូចជា Google Cardboard តែប៉ុណ្ណោះ។

៨– បំពាក់អង្គញាណវាស់ចង្វាក់បេះដូងនៅខាងក្រោយ
ប្រសិនបើលោកអ្នកមាន Galaxy S8 ឬ S8+ ក្នុងដៃ ហើយចង់វាស់ចង្វាក់បេះដូង មិនចាំបាច់ត្រូវការទិញនាឡិកាវៃឆ្លាតជំនួយបន្ថែមដូចជា iPhone នោះទេ ពោល គឺវាត្រូវបានភ្ជាប់មករួចជាស្រេចនូវបន្ទះស្គេនចង្វាក់បេះដូងនៅខាងក្រោយខ្នងរួចជាស្រេចហើយ។

៩– អាចប្រើស្រដៀងទៅនឹងកុំព្យូទ័រលើតុបាន
ជាមួយ Galaxy S8 និង S8+ លោកអ្នកអាចប្រើភ្ជាប់ជាមួយអេក្រង់កុំព្យូទ័រ ក្តារចុច និងកូនកណ្តុរបានយ៉ាងងាយស្រួល តាមរយៈឌុយពិសេសមួយ សម្រាប់ដំណើរការប្រព័ន្ធកម្មវិធីរបស់ស្មាតហ្វូន ឱ្យដូចជាប្រព័ន្ធកុំព្យទ័រលើតុធម្មតា។

១០– បំពាក់ជំនួយការ Bixby អាចថតសម្គាល់វត្ថុក្នុងរូបភាពបាន
ជំនួយការសំឡេងឌីជីថល Bixby របស់ Samsung មិនត្រឹមតែចេះផ្តល់យោបល់ ក្រើនរំឭក និងអានអ្វីៗជូនលោកអ្នកនោះទេ ប៉ុន្តែ វាថែមទាំងចេះថតសម្គាល់វត្ថុក្នុងរូបភាពផ្សេងៗ ហើយស្វែងរកព័ត៌មានពាក់ព័ន្ធនឹងវត្ថុទាំងនោះ ដូចជាទីកន្លែងដែលវាត្រូវបានដាក់លក់ជាដើម។ល។ សម្រាប់លោកផងដែរ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple មិនទាន់បានបញ្ចេញ iPhone ជំនាន់ថ្មី ដែលគេជឿថា នឹងជា iPhone 8 និង 8 Plus នៅឡើយទេ។ ថាមិនត្រូវ វាមានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិ និងបច្ចេកវិទ្យាថ្មីៗ ដែលអាចកាច់បំបាក់កំពូលទូរសព្ទ Galaxy S ស៊េរីឆ្នាំ ២០១៧ របស់ក្រុមហ៊ុន Samsung ទាំងពីរម៉ូឌេលនេះ ក៏ថាបាន៕
មតិយោបល់