យោងតាមក្រុមអ្នកវិភាគមកពីក្រុមហ៊ុន KGI Securities ក្នុងឆ្នាំ ២០១៨ នេះ Apple នឹងបញ្ចេញស្មាតហ្វូន ៣ ម៉ូឌែលខុសគ្នា។ ក្នុងនោះ នឹងមានមួយម៉ូឌែល មានតម្លៃមធ្យមចម្លោះពី ៧០០-៨០០ ដុល្លារ ចំណែកពីរម៉ូឌែលផ្សេងទៀត នឹងមានតម្លៃចាប់ពី ១០០០ ដុល្លារ ឡើងទៅ។
យោងតាមប្រភពដដែល ម៉ូឌែលតម្លៃមធ្យមនោះ នឹងបំពាក់អេក្រង់ទំហំ ៦.១ អីុញ ព្រមជាមួយលក្ខណៈសម្បត្តិដែលកំពុងមានលើ iPhone X បច្ចុប្បន្នមួយចំនួន ដូចជា Face ID ជាដើម។
ប៉ុន្តែ ដើម្បីបន្ទាបតម្លៃរបស់វា ក្រុមហ៊ុននឹងប្រើប្រាស់អេក្រង់ប្រភេទ LCD កាមេរ៉ាក្រោយតែមួយ និងដកចោលនូវអេក្រង់ប្រភេទ 3D Touch ខុសពីពីរម៉ូឌែលផ្សេងទៀត ដែលប្រើអេក្រង់ OLED។ ចំណែកក្រវាត់ស៊ុមវិញ នឹងផលិតពីលោហៈអាលុយមីញ៉ូម ខុសពីក្រវ៉ាត់ស៊ុមរបស់ iPhone ម៉ូឌែលអេក្រង់ទំហំ ៦.៥ និង ៥.៨ អីុញ ដែលផលិតពីលោហៈមិនចេះច្រេះ។
នៅក្នុងរបាយការណ៍ស្រាវជ្រាវមួយយកមកចុះផ្សាយដោយ MacRumors នៅថ្ងៃអង្គារ អ្នកព្យាករណ៍ផលិតផល Apple ដ៏ល្បីល្បាញពី KGI គឺលោក Ming-Chi Kuo បានឱ្យដឹងបន្ថែមថា iPhone 6.1″ នឹងមិនភ្ជាប់មកជាមួយថ្មរាងអក្សរ L ដូច iPhone X ដែលមានថាមពលកាន់តែខ្ពស់នោះទេ ប៉ុន្តែ វានឹងប្រើថ្មរាងចតុកោណដូច iPhone 8 និង 8 Plus។
លោកប៉ាន់ប្រមាណទៀតថា iPhone ស៊េរីថ្មីនោះ នឹងលក់ចេញបានដល់ទៅ ៥០% នៃចំនួនលក់ iPhone ស៊េរីឆ្នាំ ២០១៨ សរុប ហើយការលក់នឹងបន្តខ្លាំងរហូតដល់ឆ្នាំ ២០១៩។
គួរបញ្ជាក់ថា គេមិនទាន់ច្បាស់ថា Apple នឹងដាក់ឈ្មោះឱ្យ iPhone ទាំងបីម៉ូឌែលនោះយ៉ាងណានោះទេ៕
ព័ត៌មានបន្ថែមសូមមើលរូបខាងក្រោម៖
មតិយោបល់