ព័ត៌មានសុខភាព

ឃើញ៥សញ្ញានេះហើយមិនប្រញាប់រកពេទ្យឲ្យជួយ ប្រយត្នរក្សាជីវិតមិនបាន

ជំងឺគាំងបេះដូង គឺជាជំងឺដ៏គួរឲ្យខ្លាចបំផុត ព្រោះវាអាចឆក់យកជីវិត​មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។ ប៉ុន្តែ បើយោង​តាមគេហទំព័រ Brightside បានបង្ហាញថា មុននឹងបេះដូងត្រូវទទួលរងនូវការវាយប្រហារ វានឹងបង្ហាញរោគសញ្ញាព្រមាន ៥ចំណុច។ ហេតុនេះ​ហើយ អ្នកត្រូវស្វែងយល់ពីរោគសញ្ញាទាំងនេះឲ្យបានច្បាស់ ទើបអាចរក្សាជីវិតឲ្យរស់នៅយូរអង្វែងបាន។

ទោះជាយ៉ាងណា រោគសញ្ញាខាងក្រោមនេះ ភាគច្រើនកើតឡើងចំពោះមនុស្សស្រីៈ

ឈឺខ្នង ក ថ្គាម និងដៃ

រោគសញ្ញានៃជំងឺគាំងបេះដូង មិនមែនមានតែអាការឈឺដើមទ្រូងតែមួយមុខគត់នោះទេ សូម្បីតែ ការឈឺដៃខាងឆ្វេង ក ខ្នង ឬថ្គាម ក៏ជាសញ្ញានៃជំងឺគាំងបេះដូងដែរ។ ជាពិសេស ប្រសិនបើអាការបែបនេះឧស្សាហ៍ធ្វើទុកនៅពាក់កណ្តោលយប់ អ្នកត្រូវប្រញាប់ពិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់។

បែកញើសត្រជាក់
ជាធម្មតា រាងកាយបញ្ចេញសកម្មភាពខ្លាំង ហើយឡើងកំដៅ ទើបចេញញើស ប៉ុន្តែប្រសិនបើអ្នកនៅសុខៗស្រាប់តែបែកញើសត្រជាក់ គឺជារោគសញ្ញាទូទៅមួយទៀត ដែលស្ត្រីត្រូវប្រុងប្រយត្ន។

ពិបាកដកដង្ហើម និងវិលមុខ
អាការវិលមុខ និងពិបាកដកដង្ហើម អាចច្រឡំជាមួយនឹងជំងឺផ្សេងៗទៀត ក៏ប៉ុន្តែវាក៏អាចជារោគសញ្ញានៃជំងឺបេះគាំងដូងដែរ។ ហេតុនេះ ដើម្បីឲ្យអស់សង្ស័យអ្នកត្រូវទៅពិនិត្យសុខភាពឲ្យបានច្បាស់។

ចេះតែអស់កម្លាំង

បើទោះបីជាអ្នកមានពេលសម្រាកគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែអ្នកចេះតែមានអារម្មណ៍អស់កម្លាំង ធ្វើអ្វីមិនកើតសោះ នោះជាសញ្ញាអាសន្ន ដែលអ្នកគួរតែយកចិត្តទុកដាក់ទៅលើបញ្ហាសរសៃឈាមបេះដូងហើយ។

មានសម្ពាធក្នុងដើមទ្រូង
អាការឈឺក្នុងទ្រូង ក្តៅ មានសម្ពាធដូចត្រូងគេសង្កត់ ជារោគសញ្ញានៃជំងឺគាំងបេះដូង ដែលអាចកើតមានចំពោះមនុស្សទាំងពីរភេទ។ ប្រសិនបើអ្នកមានការឈឺចាប់ក្នុងដើមទ្រូង ឬមានសម្ពាធ រយៈពេល២ទៅ៣នាទីហើយមិនព្រមបាត់ ត្រូវទូរស័ព្ទហៅគ្រូពេទ្យជាបន្ទាន់។

ចំណាំៈ
ប្រសិនបើអ្នកកើតមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើនេះជាញឹកញាប់ ត្រូវប្រញាប់ពិគ្រោះជាមួយអ្នកជំនាញភ្លាម ដើម្បីជួយសង្គ្រោះជីវិតឲ្យទន់ពេលវេលា៕

មតិយោបល់