ព័ត៌មានបច្ចេកវិទ្យា

វិធីឆែកមើលថាតើ iPhone X ប្រើម៉ូឌឹម Intel ឬ Qualcomm

ក្រុមហ៊ុន Apple បានផលិតចេញ iPhone X ដោយជ្រើសរើសប្រើបន្ទះឈីបម៉ូឌឹម 4G LTE ពីក្រុមហ៊ុនពីរគឺ Intel និង Qualcomm និងបែងចែកលក់ទៅតាមក្រុមហ៊ុន និងទីផ្សារតំបន់ខុសៗគ្នា។

ដើម្បីចង់ដឹងថា តើម៉ូឌឹមទាំងពីរប្រភពមានសមត្ថភាពដំណើរការខុសគ្នា ឬក៏យ៉ាងណា Cellular Insights បានធ្វើការសាកល្បងប្រៀបធៀបល្បឿនដំណើរការរបស់វា ហើយរកឃើញថា ឈីបមកពីក្រុមហ៊ុន Qualcomm គឺអាចបញ្ចូនទិន្នន័យអិុនធើណែតតាមប្រព័ន្ធ LTE លឿនជាងឈីបរបស់ក្រុមហ៊ុន Intel។

ដូច្នេះ ប្រសិនបើលោកអ្នកដែលគ្រោងនឹងទិញ iPhone X គិតថាភាពខុសគ្នានេះសំខាន់ អាចឆែកមើលបានតាមវិធីខាងក្រោម៖

វិធីទី១៖
– ចូលទៅកាន់​កម្មវិធី Settings -> General -> About
– អូសផ្ទាំងអេក្រង់ចុះមកក្រោម ហើយចុចលើពាក្យ Model នោះវាបង្ហាញចេញលេខម៉ូឌែលជាក់លាក់របស់ទូរសព្ទដូចរូបខាងក្រោម៖

វិធីទី២៖
– ចូលទៅកាន់ Settings -> General -> About -> Legal -> Regulatory បន្ទាប់មក លោកអ្នកនឹងឃើញលេខកូដម៉ូឌែលរបស់ iPhone X ឋិតនៅខាងក្រោម ដូចក្នុងរូបបង្ហាញខាងក្រោម៖

ប្រសិនបើលេខកូដនោះបង្ហាញ៖

– A1865: ប្រើឈីបម៉ូឌឹមរបស់ក្រុមហ៊ុន Qualcomm ម៉ូឌែល Snapdragon MDM9655 X16 LTE សម្រាប់ប្រព័ន្ធ CDMA របស់ក្រុមហ៊ុនដូចជា Verizon និង Sprint នៅក្នុងសហរដ្ឋអាមេរិក អូស្រ្តាលី ចិន ហុងកុង និងណូវ៉ែលសឺឡង់។

– A1902: ប្រើឈីបម៉ូឌឹមរបស់ក្រុមហ៊ុន Qualcomm ម៉ូឌែល MDM9655 Snapdragon X16 សម្រាប់ចែកចាយលក់នៅក្នុងប្រទេសជប៉ុន។

– A1901: ប្រើប្រាស់ម៉ូឌឹមរបស់ក្រុមហ៊ុន Intel ម៉ូឌែល XMM 7480 សម្រាប់ប្រព័ន្ធ GSM របស់ក្រុមហ៊ុនដូចជា AT&T និង T-Mobile នៅសហរដ្ឋអាមេរិក កាណាដា អឺរ៉ុប សិង្ហបុរី កូរ៉េខាងត្បូង ម៉ាឡេស៊ី ហ្វីលីពីន សហភាពអារ៉ាបរួម អាហ្រ្វិកខាងត្បូង អាហ្សង់ទីន រុស្ស៊ី និងមិចស៊ីកូ៕

ប្រភពព័ត៌មានៈ iphonehacks

មតិយោបល់