ព័ត៌មានបច្ចេកវិទ្យា

គ្រប់យ៉ាងលោកអ្នកចាំបាច់ដឹងអំពីអ្វីដែល Facebook បានប្រកាសនៅ F8

ក្រុមហ៊ុនបណ្តាញសង្គម Facebook ទើបបានបង្ហាញពិភពលោកនូវគ្រោងការធំៗមួយចំនួនរបស់ខ្លួនតាមរយ:វេទិកាជំនួបក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី F8 នៅយប់ម្សិលមិញនេះ។ ក្រុមហ៊ុន បានប្រកាសចេញនូវបេសកកម្មថ្មីមួយ ដោយផ្តោតសំខាន់ទៅលើសហគមន៍ ហើយបានបើកបង្ហាញឧបករណ៍ និងកម្មវិធីថ្មីៗសម្រាប់សហគមន៍អ្នកអភិវឌ្ឍន៍កម្មវិធី សម្រាប់ក្រុមគ្រួសារកម្មវិធីរបស់ Facebook។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗដែលលោកអ្នកចាំបាច់ដឹងអំពីការប្រកាសចេញនូវសេវាកម្ម និងកម្មវិធីថ្មីៗរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook៖

១- កម្មវិធី Augmented Reality

ប្រធានក្រុមហ៊ុន Facebook លោក Zuckerberg បានចាប់ផ្តើមជាមួយការឧទ្ទេសនាមកម្មវិធី Augmented Reality សម្រាប់បំពាក់ជាមួយមុខងារកាមេរ៉ាលើកម្មវិធីបណ្តាញសង្គមរបស់ខ្លួន។ វាត្រូវបានដាក់ឈ្មោះឱ្យថា AR Camera Effects ដែលបើកឱ្យបណ្តាសិល្បករ អ្នករចនាក្រាហ្វិក និងអ្នកអភិវឌ្ឍន៍កម្មវិធីនានា អាចបង្កើតនូវក្រាហ្វិកថ្មីៗ តាមគំនិតច្នៃប្រឌិតរបស់ខ្លួន សម្រាប់ដាក់បន្ថែមក្នុងមុខងារនេះឱ្យកាន់តែសម្បូរបែប ទាក់ទាញ និងរស់រវើក។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានដាក់ចេញនូវឧបករណ៍ថ្មីចំនួនពីរគឺ Frame​ Studio និង AR Studio សម្រាប់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី បង្កើតនូវស្រោមមុខ រូបភាពចលនា និងអ្វីៗផ្សេងៗទៀត សម្រាប់កែកុនលើរូបភាព-វីដេអូដែលថតតាមមុខងារកាមេរ៉ាក្នុងកម្មវិធី Facebook។ ក៏នឹងមានដែរ ការបង្ហាញពីបទពិសោធន៍នៃបច្ចេកវិទ្យារូបភាព AR ផ្សេងៗទៀត នៅយប់ថ្ងៃពុធនេះ។

២- កម្មវិធី FB Spaces

Facebook បានប្រកាសចេញនូវកម្មវិធីបណ្តាញសង្គម VR ជំនាន់សាកល្បង ដែលវាមានឈ្មោះថា FB Spaces។ កម្មវិធីនេះ គឺត្រូវបានអភិវឌ្ឍឡើងសម្រាប់ប្រើភ្ជាប់ជាមួយវ៉ែនតា Oculus ហើយអ្នកប្រើប្រាស់អាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកតាមរយ:តួអង្គអាវតារបស់ពួកគេម្នាក់ៗក្នុងពិភពនិម្មិតប្រចក្ស ឬ VR មួយ។ ពួកគេក៏អាចហៅទូរសព្ទទៅកាន់មិត្តភក្តិដែលមិនឋិតនៅក្នុងពិភព VR តាមកម្មវិធី Messenger និងអាចធ្វើអន្តរសកម្មភាពជាមួយពួកគេតាមអេក្រង់ 2D ដែលអណ្តែតឡើងក្នុងពិភព ៣៦០ ដឺក្រេនោះផងដែរ។

៣- កម្មវិធី Messenger

យោងតាមលោក David Marcus ប្រមុខកម្មវិធី Messenger របស់ក្រុម  ហ៊ុន Facebook បានឱ្យដឹងថា «មនុស្សចង់ប្រើប្រាស់កម្មវិធី Messenger ដើម្បីប្រាស្រ័យទាក់ទងជាអន្តរសកម្មភាពជាមួយក្រុមហ៊ុនផ្សេងៗ»។ កម្មវិធី Messenger ឥឡូវនេះ គឺមានអ្នកអភិវឌ្ឍកម្មវិធីកំពុងស្ថាបនាវាជាង ១០០,០០០ នាក់ហើយ។ កូនកម្មវិធី ឬហៅថា bot នៅក្នុងវាទៀតសោត ក៏កំពុងទទួលបានការផ្លាស់ប្តូររចនាសម្ព័ន្ធមួយចំណែកធំ ជាមួយកម្មវិធី Messenger សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធី ជំនាន់ទី ២ ដ៏ថ្មីស្រឡាង។

– កម្មវិធី Workplace របស់ Facebook មានបន្ថែមមុខងារសំខាន់ៗសម្រាប់សហគ្រាស

កម្មវិធី Workplace របស់បណ្តាញសង្គម Facebook កំពុងដាក់ចេញបន្ថែមនូវមុខងារចែកបន្ត ការអនុលោមតាមផ្លូវច្បាប់ និងមុខងារវីដេអូ ​ក្នុងឧកបរណ៍ដែលមានស្រាប់របស់វា។ ក្នុងនោះដែរ ក្រុមហ៊ុន Facebook ក៏បានប្រកាសចេញកំណែថ្មីសម្រាប់មុខងារវិភាគ Facebook Analytics កម្មវិធីសាកល្បង Developer Circles និងបច្ចុប្បន្នភាពការស្រាវជ្រាវសំខាន់ៗរបស់ខ្លួនជាច្រើនផ្សេងទៀត៕

មតិយោបល់