ប្រិយមិត្តទាំងអស់គ្នាប្រហែលជា កំពុងតែរីករាយ នៅពេលឃើញបុត្រធីតារបស់ខ្លួនដែលមានអាយុក្រោម ១០ ឆ្នាំ បាននឹងកំពុងលេងយ៉ាងសប្បាយជាមួយបច្ចេកវិជ្ជាស្មាតហ្វូនហើយមើលទៅ បើអីចឹងមែននោះ លោកអ្នកពិតជាគិតខុសហើយ។
លោក Bill Gates ដែលជាស្ថាបនិកក្រុមហ៊ុន Microsoft និងប្រពន្ធឈ្មោះ Melinda បានហាមប្រាមបុត្រធីតារបស់ពួកគេ មិនឲ្យប៉ះពាល់នូវស្មាតហ្វូន រហូតដល់វ័យ ១៤ ឆ្នាំ។ ទោះជាយ៉ាងណា កូនៗទាំងនោះ បានជំទាស់មកវិញថា មិត្តភក្តិរបស់ពួកគេជាច្រើន មានសិទ្ធអាចប្រើប្រាស់ស្មាតហ្វូនបានដោយសេរី។
បើយោងតាមការស្រាវជ្រាវក្នុងឆ្នាំ ២០១៦ ដោយស្ថាប័ន Influence Central បង្ហាញមកថា ក្មេងៗដែលមានវ័យចាប់ពី ១០ ឆ្នាំ ទៅ ទើបបានអាចប្រើប្រាស់នូវស្មាតហ្វូនបាន។ ដូច្នេះ ផែនការរបស់លោក Gates ដែលហាមកូនៗមិនឲ្យប្រើស្មាតហ្វូនរហូតដល់អាយុ ១៤ ឆ្នាំនោះ ប្រហែលនឹងអាចធ្វើឲ្យពួកគេ ស្វែងយល់ពីបច្ចេកវិទ្យាបានយឺតជាងក្មេងដទៃ។
លោក Gates បានដាក់គោលការណ៍ប្រើប្រាស់ស្មាតហ្វូនយ៉ាងតឹងរឹង ទៅលើកូនៗណាដែលមានស្មាតហ្វូនប្រើ ហើយជាពិសេស គឺហាមមិនអោយមានស្មាតហ្វូននៅលើតុញុំាអាហារពេលល្ងាចឡើយ។
លោកបានប្រាប់ទៅកាន់សារព័ត៌មាន The Mirror ថា ក្មេងៗទាំងនោះ នឹងត្រូវបានកំណត់ម៉ោងប្រើប្រាស់ ដើម្បីជួយឲ្យពួកគេចូលដំណេកបានទៀងទាត់ពេលវេលា។
គួរឲ្យភ្ញាក់ផ្អើលដែលថា លោក Gates មិនមែនជាមនុស្សតែម្នាក់ ដែលមានឈ្មោះល្បីល្បាញ ហើយបានកំណត់នូវការប្រើប្រាស់បច្ចេកវិជ្ជាចំពោះកូននោះឡើយ។ គួររំលឹកថា កាលពីឆ្នាំ ២០១៤ ស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs បានប្រាប់ទៅកាន់សារព័ត៌មាន New York Times ថា នៅពេលនោះ កូនរបស់លោកមិនទាន់អនុញ្ញាតឲ្យប្រើ iPad បានទេ និងបន្ថែមថា គាត់ក៏បានកំណត់នូវការប្រើប្រាស់បច្ចេកវិជ្ជាសម្រាប់កូនៗនៅក្នុងគេហដ្ឋានរបស់ខ្លួនផងដែរ៕
ប្រភពព័ត៌មាន៖ Mashable
មតិយោបល់