ព័ត៌មានបច្ចេកវិទ្យា

Samsung និង LG កំពុងផលិតអេក្រង់គែមកោងទាំង ៤​ ខាង គ្មានស៊ុម ១០០%

ក្រុមហ៊ុន Samsung និង LG ទើបបានបញ្ចេញបច្ចេកវិទ្យាអេក្រង់ស្ទើរតែគ្មានស៊ុមជុំវិញ តាមរយ:កំពូលស្មាតហ្វូន Galaxy ស៊េរី S8 និងស៊េរី G6 ដែលធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងនោះក៏រាប់បញ្ចូលទាំងអ្នកស្នេហាឧបករណ៍បច្ចេកវិទ្យាទំនើៗក្នុងប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ មានរបាយការណ៍ចុងក្រោយមួយពីគេហទំព័រ ETNews បានឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សទាំងពីរ កំពុងគ្រោងនឹងផលិតអេក្រង់គ្មានស៊ុមទាំងស្រុងតែម្តង ជាមួយគែមជុំវិញកោង រាប់បញ្ចូលទាំងគែមលើខាងក្រោម ពោល គឺវានឹងលាតសន្ធឹងស្មើ ៩៨% នៃផ្ទៃតួខាងមុខរបស់ទូរសព្ទតែម្តង។

ទោះយ៉ាងណា ដំណើរការអភិវឌ្ឍអេក្រង់ដែលលាតដល់ទាំងគែមលើក្រោមនេះ ហើយថែមទាំងកោងទៀតនោះ កំពុងជួបការលំបាកក្នុងការច្របាច់បញ្ចូលគ្នានៃស្រទាប់អេក្រង់ផ្សេងៗ ដែលនាំឱ្យផ្នែកកំណោងនៅគែមទាំង ៤ ខាង មិនអាចចាប់សញ្ញាពីម្រាមដៃ ឬប្រើការមិនកើត។ នេះបើយោងតាមការឱ្យដឹងពីប្រភពព័ត៌មានដដែល និងបានបន្ថែមថា ស្រទាប់អេក្រង់នោះ រាប់បញ្ចូលទាំងស្រទាប់ការពារអេក្រង់ និងស្រទាប់ចុចប៉ះ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរ ក៏ត្រូវគេរាយការណ៍ថា កំពុងរិះរកមធ្យោបាយផ្សេងៗដើម្បីដោះស្រាយបញ្ហានេះ។ ដោយឡែកក្រុមហ៊ុន Samsung មានបំណងចង់សម្រេចធ្វើវាឱ្យបាន ដើម្បីលើកយកមកបង្ហាញនៅដើមឆ្នាំក្រោយនេះ​ តាម​រយ: Galaxy S9 របស់ខ្លួន។

គួរបញ្ជាក់ថា បច្ចេកវិទ្យាអេក្រង់ទូរសព្ទស្មាតហ្វូនបច្ចុប្បន្ន បានឈានទៅដល់អេក្រង់គ្មានស៊ុមនៅ ៣ ខាងរួចទៅហើយ គឺវាជាកំពូលស្មាតហ្វូនអេក្រង់ធំឈ្មោះ Mi Note2 របស់ក្រុមហ៊ុន Xiaomi៕

ប្រភពព័ត៌មាន: androidauthority

មតិយោបល់