លោកអ្នកប្រហែលជាមិនទាន់ដឹងទេថា កម្មវិធីផែនទីរបស់ក្រុមហ៊ុន Google នៅលើទូរសព្ទដៃគឺ Google Maps ត្រូវបានភ្ជាប់មកជាមួយមុខងារទាញយកឯកសារផែនទីទុកសម្រាប់ប្រើពេលទូរសព្ទគ្មានសេវា ឬអិុនធើណែត (Offline)។ វាអាចឱ្យលោកអ្នកស្វែងរកទិសដៅបើកបរ ឬធ្វើដំណើរ ទីតាំងចាប់អារម្មណ៍ ទីកន្លែងអាជីវកម្ម និងតំបន់ផ្សេងៗ ក៏ដូចជាពង្រីកបង្រួមមើលចំណុចទីតាំងនានាក្នុងបរិវេណផែនទីដែលបានចម្លងទុក ដោយមិនចាំបាច់ត្រូវការអិុនធើណែត ឬសេវាទូរសព្ទអ្វីឡើង។ កម្មវិធីនេះ គាំទ្របានទាំងនៅលើទូរសព្ទ Android និង iPhone ហើយ Post Tech សូមលើកយកវិធីប្រើប្រាស់របស់វានៅលើទូរសព្ទ iPhone មកបង្ហាញជូនដូចខាងក្រោម (សម្រាប់ទូរសព្ទ Android ក៏មានរបៀបប្រើប្រាស់ស្រដៀងគ្នាដែរ)៖
របៀបអនុវត្ត៖
- សូមចូលទៅកាន់កម្មវិធី Google Maps រួចវាយបញ្ចូលក្នុងប្រអប់ ‘search’ នូវទីកន្លែងដែលលោកអ្នកចង់ចម្លងទុក
- ចុចលើប៊ូតុងមឺនុយ ឋិតនៅជ្រុងខាងលើផ្នែកខាងឆ្វេងនៃផ្ទាំងកម្មវិធី រួចជ្រើសយក ‘Offline Areas’

- សូមចុចលើប៊ូតុងសញ្ញា + ឋិតនៅជ្រុងខាងក្រោមផ្នែកខាស្តាំនៃផ្ទាំងកម្មវិធី រួចយកម្រាមដៃពង្រីក ឬបង្រួមបរិវេននៃផែនទីដែលលោកអ្នកចង់ចម្លងទុក
- បន្ទាប់មក ចុចលើប៊ុតុង Download រួចចុចវាយបញ្ចូលឈ្មោះផែនទីនោះ ហើយចុចលើប៊ូតុង Save ជាការស្រេច។

បញ្ជាក់៖
- ឯកសារផែនទី Offline នីមួយៗ នឹងត្រូវលុបចោលដោយស្វ័យប្រវត្តិក្នុងរយៈពេល ៣០ ថ្ងៃក្រោយពីទាញយក ដើម្បីសន្សំសំចៃចន្លោះទំនេរក្នុងមេម៉ូរីទូរសព្ទ
- ផែនទី Offline មិនអាចបង្ហាញទិសដៅផ្លូវសម្រាប់ថ្មើរជើង និងបម្លាស់ទីរបស់លោកអ្នកដូចផែនទី Online នោះទេ។
- តំបន់មួយចំនួនអាចនឹងពុំមានឯកសារផែនទីសម្រាប់ទាញយកនោះទេ៕
មតិយោបល់