ព័ត៌មានបច្ចេកវិទ្យា

កូនធុងបាសបច្ចេកវិទ្យា HomePod នេះត្រូវបានប្រកាសចេញដោយ Apple យប់មិញ

យប់មិញ ក្រុមហ៊ុន Apple បានប្រកាសចេញនូវផលិតផលកូនធុងបាសបច្ចេកវិទ្យាថ្មីមួយហៅថា HomePod ដែលវាអាចប្រើប្រាស់បានជាមួយប្រព័ន្ធ Wi-Fi សម្រាប់ការបញ្ជាចាក់តន្រ្តីស្ដាប់ពីចម្ងាយ។

HomePod នេះមានរន្ធបញ្ចេញសំឡេងចំនួន ៧ គ្រាប់ ដែលគ្រាប់នីមួយៗមាននូវអំភ្លីគ្រប់គ្រងគុណភាពសំឡេងរៀងៗខ្លួន និងមានដុំសព្ទ subwoofer ទំហំ ៤ អ៊ីញ ដែលអាចធ្វើការបំពងសំឡេងចេញមកបានធ្ងន់ល្អ ដោយមិនងាយបែកសំឡេងបានឡើយ។

អ្វីដែលធ្វើឲ្យ HomePod កាន់តែពិសេសនោះគឺថា វា​បានប្រើប្រាស់នូវបន្ទះឈីបឆ្លាតវៃ A8 នៅខាងក្នុង ដោយផ្ដល់ជូនការតភ្ជាប់រវាង ឧបករណ៍ HomePod ចំនួន ២ បញ្ចូលគ្នា ដើម្បីធ្វើការបង្កើនសំឡេងកាន់តែឭខ្លាំងទ្វេដង។

ជាមួយនឹងរន្ធស្រូបសំឡេងទាំង ៦ គ្រាប់របស់ HomePod គឺអាចប្រើប្រាស់សម្រាប់ការហៅជាសំឡេង នូវពាក្យថា “Hey Siri” ទៅកាន់វាដើម្បីបើក និងបញ្ជាតាមមាត់។ លើសពីនេះ វាអាចស្ដាប់ឭសំលេងដែលអ្នកហៅពីចម្ងាយបានទៀត បើទោះបីជាឧបករណ៍នេះកំពុងត្រូវបានចាក់ស្ដាប់ក៏ដោយ។

ម្យ៉ាងទៀត នៅពេលណាដែលអ្នកហៅថា Hey Siri ភ្លាមនោះ ផ្នែកខាងលើនៃឧបករណ៍ នឹងលោតចេញភ្លើងសញ្ញាកម្មវិធី Siri ដូចទៅនឹង iPhone/iPad ដែរ ដើម្បីបង្ហាញថា អ្នកកំពុងតែបញ្ជាលើវា។

គួរបញ្ជាក់ដែលថា HomePod អាចភ្ជាប់បានជាមួយ ​iPhone ចាប់ពីស៊េរី 5s ឡើងទៅ ដែលដំណើរការដោយប្រព័ន្ធ iOS ជំនាន់ 11។ HomePod នេះផ្ដល់ជូននូវជម្រើសពណ៌ ២ ប្រភេទផ្សេងគ្នាគឺ ពណ៌ស និង ខ្មៅ។ ហើយវានឹងចាប់ផ្ដើមដាក់លក់នៅប្រទេសអូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នាខែ ធ្នូ ចុងឆ្នាំនេះ ក្នុងតម្លៃ ៣៤៩ ដុល្លារ៕

ប្រភព៖ idownloadblog

មតិយោបល់