ព័ត៌មានបច្ចេកវិទ្យា

HMD ធានានាំយក Android រសជាតិចុងក្រោយដល់ Nokia គ្រប់ម៉ូឌែល រាប់ទាំង Nokia 3

កន្លងទៅថ្មីៗនេះ ក្រោយពីរងចាំអស់មួយរយ: ក្រុមហ៊ុន HMD ក៏បានដាក់ចេញនូវប្រព័ន្ធប្រតិបត្តិការ Android 7.1.1 សម្រាប់ផលិតផលទូរសព្ទដៃ Nokia 3 របស់ខ្លួន ដែលនាំឱ្យ សមាជិក គ្រួសារពៅគេមួយនេះ មានសមត្ថភាពអាចប្រតិបត្តិប្រព័ន្ធកម្មវិធីដូចជារៀមច្បងធំៗអីចឹងដែរ។

ឥឡូវនេះ ខណ:ក្រុមហ៊ុនផលិតស្មាតហ្វូនដើរដោយប្រព័ន្ធ Android មួយចំនួនដូចជា Sony ហ៊ានសន្យាត្រឹមថា នឹងនាំយក Android Oreo សម្រាប់តែស្មាត ហ្វូនលំដាប់ថ្នាក់កំពូល និងកណ្តាល ក្រុមហ៊ុនបច្ចេកវិទ្យានៃប្រទេសហ្វាំងឡង់ បាន ចេញមុខធានាថា គ្រប់ម៉ូឌែលស្មាតហ្វូនរបស់ខ្លួន នឹងអាចកែឡើងប្រព័ន្ធ Android 8.0 ចុងក្រោយបង្អស់នេះបានទាំងអស់ រាប់បញ្ចូលទាំង Nokia 3 ទៀតផង។

លោក Juho Sarvikas ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន HMD បានមានប្រសាសន៍ថា គ្រប់ស្មាតហ្វូនរបស់យើង នឹងទទួលបានរសជាតិនំ Android ថ្មី ដ៏ឆ្ងាញ់ពិសាទាំងអស់ រាប់ទាំង Nokia 3 ដែលជាម៉ូឌែលដែលមានសមត្ថភាព Hardware ទាបបំផុតផងដែរ។

ទោះយ៉ាងណា លោក Sarvikas មិនបានបញ្ជាក់ប្រាប់ពីថ្ងៃបរិច្ឆេទនៃការដាក់ឱ្យអតិថិជន Nokia ខ្លួន អាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធ Android ឡើងដល់ជំនាន់ចុងក្រោយនេះ នៅពេលណាឱ្យពិតប្រាកដនោះទេ។

គួរបញ្ជាក់ថា Android 8.0 Oreo ត្រូវបានដាក់បន្ថែមនូវមុខងារថ្មីៗដ៏សម្បូរបែបជាច្រើន រាប់បញ្ចូលទាំងមុខងារ Picture-to-Picture និង Instant Apps ជាដើម ដែលនាំឱ្យគេចោទជាសំណួរមួយឡើងថា តើ Nokia 3 ដែលប្រើបន្ទះឈីបត្រឹមតែជំនាន់ Quad-core របស់ក្រុមហ៊ុន MediaTek និង RAM ទំហំ ២ GB អាចដាក់ឱ្យដំណើរការលើប្រព័ន្ធ Android ដ៏មានថាមពលបំផុតតាមរបៀបណា៕

ប្រភពព័ត៌មាន: pocket now

មតិយោបល់