ថ្មីៗនេះ យើងឃើញមានវត្តមាន Galaxy S8 យ៉ាងគគ្រឹកគគ្រែង បណ្តាលឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនធំបាននឹងកំពុងជ្រួលជ្រើមចង់បាន។ ចំណែកឯក្រុមហ៊ុន Google ក៏មិនបង្អន់ដៃដែល ដូចដែលយើងបានដឹងហើយថា ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សនេះ ធ្លាប់បានបញ្ចេញស្មាតហ្វូនដំបូងបង្អស់របស់ខ្លួនត្រកូល Pixel ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយសារតែស្មាតហ្វូនទាំងនោះ មានភាពអស្ចារ្យលើសគេ ក្នុងការទទួលបានកំណែប្រព័ន្ធ Android ថ្មីៗមុនស្មាតហ្វូនដទៃ និងមានសមត្ថភាពកាមេរ៉ាថតរូបបានយ៉ាងប្រណិតដាច់គេ ជាងនេះទៅទៀតការរក្សាទិន្នន័យគឺមិនចេះមានកំណត់ឡើយ។
ដើម្បីជាការប្រជែងនឹងកំពូលស្មាតហ្វូនជាច្រើននាពេលបច្ចុប្បន្ន ជាពិសេសគឺ Galaxy S8 ក្រុមហ៊ុន Google គ្រោងពាំនាំបច្ចកវិជ្ជាស្មាតហ្វូនពិសេសៗទាំង ៥ មុខមកបន្ថែមពីលើស្មាតហ្វូនត្រកូល Pixel របស់គេជំនាន់បន្ទាប់ ដើម្បីប្រជែងយកតំណែងស្មាតហ្វូនល្អដាច់គេលើពិភពលោកសារជាថ្មីម្តងទៀត។ គួររំលឹកថា Google Pixel គឺជាកំពូលស្មាតហ្វូនឆ្នើមប្រចាំឆ្នាំមុន នេះដោយយោងតាមគេហទំព័រ Business Insider។
លក្ខណៈសម្បត្តិទាំង ៥ នោះមានជាអាថ៌ដូចជា៖
១ – Waterproof – ប្រព័ន្ធការពារទឹកជ្រាប
បច្ចុប្បន្ននេះ Galaxy S8, LG G6 និង iPhone 7 សុទ្ធតែអាចប្រើប្រាស់ចូលក្នុងទឹកបាន ដោយឡែក Google Pixel គឺមិនមានទេ ហេតុដូចនេះ ក្រុមហ៊ុនបាននឹងកំពុងពិចារណាបំពាក់មុខងារ Waterproof ឲ្យមាននៅលើស្មាតហ្វូន Pixel 2 ដែលត្រៀមចេញមក។
២ – Expandable Storage - អាចបន្ថែមអង្គផ្ទុកពីខាងក្រៅ
Pixel មានជម្រើសទំហំផ្ទុក ២ គឺ 32GB និង 128GB និងមិនអាចដោតបន្ថែម Memory កាតពីខាងក្រៅបានឡើយ។ ទោះបីជា Pixel អាចផ្ទុកទិន្នន័យមិនចេះមានកំណត់ក៏ដោយ ប៉ុន្តែវាគ្រាន់ជាការផ្ទុកនៅលើបណ្តាញអ៊ិនធើណែតប៉ុណ្ណោះ។ បើតាមអ្នកប្រើប្រាស់មួយចំនួនហាក់ដូចជាមិនសូវចូលចិត្តការរក្សាទិន្នន័យលើបណ្តាញច្រើននោះទេ។ ហេតុដូចនេះ Google នឹងធ្វើឲ្យ Pixel 2 អាចបន្ថែម Memory កាតពីខាងក្រៅបានជាមិនខាន។
៣ – Improve the camera - បង្កើនសមត្ថភាពកាមេរ៉ា
ទោះជា Pixel មិនទាន់បំពាក់មកជាមួយកាមេរ៉ាភ្លោះក៏ដោយ តែការថតរូបក៏មិនចាញ់ស្មាតហ្វូនដែលមានកាមេរ៉ាភ្លោះប៉ុន្មានដែរ។ តែពេលនេះ Google ច្បាស់ណាស់ នឹងដាក់កាមេរ៉ាភ្លោះឲ្យមាននៅលើ Pixel 2 និងបន្ថែមគុណភាពថតពេលរាត្រីដែលមានពន្លឺងងឹត ឲ្យកាន់តែច្បាស់មិនឲ្យចាញ់ Galaxy S8 ផងដែរ។
៤ – Boost Battery Life - បង្កើនថាមពលថ្ម
Pixel មានថាមពលថ្មអាចប្រើប្រាស់បានរហូតដល់ 13 ម៉ោង ដោយការចាក់វីដេអូ ស្របពេលបើកមុខងារ Flight Mode។ តែពេលនេះ Galaxy S8 ប្រកាសថាខ្លួនអាចប្រើប្រាស់បានរហូតដល់ ១៨ ម៉ោង យូរដាច់ឆ្ងាយពីគេ។ បើសិនជា Google មិនបង្កើនអាយុកាលនៃថាមពលថ្មទេ ពិតជាពិបាកផ្តួល S8 ណាស់។
៥ – Thin out those bezels - រចនាគែមអេក្រង់ឲ្យកាន់តែស្តើង
Pixel ជាកំពូលស្មាតហ្វូនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងនឹងស្មាតហ្វូនដទៃ ប៉ុន្តែគែមអេក្រង់របស់វាហាក់ដូចជាក្រាស់បន្តិច ឬមិនសូវជាស្តើងដូចស្មាតហ្វូនចេញថ្មីៗនោះឡើយ។ ដូចនេះ ក្រុមហ៊ុន Google ត្រូវខិតខំធ្វើការវិវឌ្ឍរចនាបទពីស៊េរីមុនឲ្យកាន់តែច្រើន ពោល គឺធ្វើឲ្យអេក្រង់មានរាងស្រលះ និងគែមកាន់តែស្តើង។
គួរបញ្ជាក់ថា Pixel មិនទាន់មានលក្ខណៈសម្បត្តិទាំង ៥ នេះមកជាមួយផង វាក៏នៅតែអាចគ្រងតំណែងជាកំពូលស្មាតហ្វូនល្អជាងគេលើពិភពលើកបានដែរ។ ដូចនេះសូមរង់ចាំមើល Pixel 2 បន្តទៀត ថាតើវាកាន់តែខ្លាំងជាងនេះដល់កម្រិតណា? នៅលើកិច្ចប្រជុំអ្នកអភិវឌ្ឍន៍កម្មវិធីប្រចាំឆ្នាំរបស់ក្រុមហ៊ុន នាពេល ២ សប្តាហ៍ខាងមុខ ត្រូវនឹងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំនេះ។
ប្រភព៖ MSN
មតិយោបល់