ព័ត៌មានបច្ចេកវិទ្យា

Tim Cook: iPhone X នឹងផ្លាស់ប្តូរពិភពលោកដូច iPhone ដប់ឆ្នាំមុន

ទីបំផុតទៅ នៅយប់ថ្ងៃមិ្សលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសចេញជាផ្លូវការហើយ នូវកំពូលស្មាតហ្វូនរបស់ខ្លួនគឺ iPhone X បន្ថែមពីលើ iPhone 8 និង 8 Plus ដែលមានរចនាបទមិនខុសគ្នាប៉ុន្មានពី iPhone 7 និង 7 Plus នៅឯសាល Steve Jobs ក្នុងទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួន។

ជាមួយវត្តមាននៃ iPhone X ដែលត្រូវបានផលិតឡើងសម្រាប់អបអរខួបគម្រប ១០ ឆ្នាំនៃការបង្កើតម៉ាកទូរសព្ទដ៏មានប្រជាប្រិយភាពនេះ លោក Time Cook បានថ្លែងថា iPhone ជំនាន់ពិសេសនេះ នឹងផ្លាស់ប្តូរពិភពលោកសារជាថ្មីម្តងទៀត ដូចជា iPhone ដើមដំបូងអីចឹង តាមរយៈបច្ចេកវិទ្យាច្នៃបង្កើតច្នៃបង្កើតថ្មីៗមុនដំបូងគេ ដែលលោក Tim ហៅថា “អនាគតនៃស្មាតហ្វូន”។

មែនទែនទៅ មិនខុសពីរូបរាងដែលបានបែកធ្លាយកន្លងមកនោះទេ iPhone X បានបង្ហាញខ្លួនជាមួយអេក្រង់ស្ទើរគ្មានស៊ុមប្រភេទ Super Ratina ទំហំ ៥.៨​ អីុញ ប្រើបច្ចេកវិទ្យាអេក្រង់ OLED បំពាក់កាមេរ៉ាភ្លោះបញ្ឈរនៅខាងក្រោយ ចំណែកកាមេរ៉ាមុខ មានអមដោយបច្ចេកវិទ្យាស្កេនមុខ 3D និងគ្មានទៀតឡើយ Touch ID ប៉ុន្តែ ក្រុមហ៊ុននៅតែរក្សាអេក្រង់ជាប្រភេទ 3D Touch ដដែល។

បន្ថែមពីលើកាមេរ៉ាភ្លោះដែលមានទំហំ ១២​ មេហ្គាភិចសែលដូចគ្នា វាអនុញ្ញាតឱ្យលោកអ្នកថតវីដេអូកម្រិត 4K ជាមួយល្បឿន ៦០ ប៉ុស្តិ៍/វិនាទី និងកម្រិត ១០៨០p ក្នុងល្បឿន ២៤០ ប៉ុស្តិ៍/វិនាទី ហើយមុខងារ Portrait ថ្មីរបស់វា អាចឱ្យលោកអ្នកកែពន្លឺ និងពណ៌ផ្ទៃរូបភាពមុនពេលចុចថតបាន។

ក្រៅពីនេះ iPhone 10 (X) ក៏អាចសាកថ្មដោយមិនចាំបាច់ដោតខ្សែចូលក្នុងតួទូរសព្ទតាមបច្ចេកវិទ្យាដែលក្រុមហ៊ុនឱ្យឈ្មោះថា AirPower និងមានស្រទាប់ការពារទឹកជ្រាបផងដែរ។
Apple iPhone X មានជម្រើសទំហំមេម៉ូរីពីរគឺ ៦៤ GB និង ២៥៦ GB ហើយមានតម្លៃចាប់ពី ៩៩៩ ដុល្លារ (តម្លៃបរទេស)។

សម្រាប់ព័ត៌មានលម្អិតបន្ថែមទាក់ទងទៅនឹង iPhone ស៊េរីថ្មី Post Tech នឹងលើកយកមកចុះផ្សាយតាមរយៈអត្តបទក្រោយៗទៀត៕

 

មតិយោបល់