ក្រុមហ៊ុន Nokia បានត្រៀមខ្លួនរួចជាស្រេចក្នុងការវិលត្រឡប់មករកសង្វៀនប្រកួតទីផ្សារស្មាតហ្វូន នាដើមឆ្នាំក្រោយនេះ បន្ទាប់ពីខ្លួនទទួលបានអាជ្ញាបណ្ណពីក្រុមហ៊ុន Microsoft និងភាពជាដៃគូជាមួយក្រុមហ៊ុន Google និង Foxconn។
គួរបញ្ជាក់ថា អតីតក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់ថ្នាក់លេខមួយលើលោករបស់ហ្វាំងឡង់មួយនេះ បានបាត់មុខមួយរយៈក្នុងទីផ្សារស្មាតហ្វូន ក្រោយពីការផលិតចេញនូវស្មាតហ្វូនត្រកូល Lumia ដើរដោយប្រព័ន្ធ Windows Phone ពុំអាចប្រកួតប្រជែងជាមួយផលិតផលស្មាតហ្វូនដើរដោយប្រព័ន្ធ Android របស់ក្រុមហ៊ុន Samsung និង iPhone ដើរដោយប្រព័ន្ធ iOS របស់ក្រុមហ៊ុន Apple។
ទោះយ៉ាងណា ស្មាតហ្វូនម៉ាក Nokia នឹងបង្ហាញវត្តមាននៅលើទីផ្សារសារជាថ្មីម្តងទៀត នាប៉ុន្មានខែខាងមុខ បន្ទាប់ពីអាជីវកម្មផលិតផលយីយោមួយនេះដែលរួមមាន ស្មាតហ្វូន ថេប្លេត និងទូរស័ព្ទដៃប្រភេទធម្មតា ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន HMD Global។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HMD គឺលោក Arto Nummela ដែលជាអតីតនាយកគ្រប់គ្រងការអភិវឌ្ឍ និងលក់របស់ក្រុមហ៊ុន Nokia បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា HMD Global មានមហិច្ឆតាចង់ក្លាយជាគូប្រកួតប្រជែងដ៏សំខាន់មួយក្នុងអាជីវកម្មស្មាតហ្វូន ហើយខ្លួនបានដំឡើងការិយាល័យផ្សេងៗក្នុងតំបន់ចំនួន ៤០ រួចទៅហើយ នៅជុំវិញពិភពលោក៕
ប្រភពព័ត៌មានៈ routers
មតិយោបល់