ព័ត៌មានបច្ចេកវិទ្យា

OnePlus 5 នឹងខ្លាំងស្មើ Galaxy S8 តែថោកជាងជិតពាក់កណ្តាល

 

នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់លោកអ្នកដែលគាំទ្រផលិតផលទូរសព្ទដៃទំនើបរបស់ក្រុមហ៊ុន OnePlus ដោយវាត្រូវបានគេអះអាងថា នឹងមានសមត្ថភាពខ្លាំងដូចទូរសព្ទ Galaxy S8 របស់ក្រុមហ៊ុន Samsung ដ៏ថ្លៃអីចឹងដែរ។

ក្រោយពីមានព័ត៌មានចចាមអារ៉ាមជាច្រើនថា OnePlus 5 ដែលនឹងប្រកាសចេញឆាប់ៗខាងមុខ នឹងបំពាក់បន្ទះឈីប Snapdragon 835 ដូច Galaxy S8 នោះ ឥឡូវក្រុមហ៊ុនផលិតបន្ទះឈីបនេះ បានចេញមុខទទួលស្គាល់ថាវាជាការពិតហើយ។

ដោយឡែក នាយកប្រតិបត្តិក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនដែលទើបចាប់បង្កើតឡើងក្នុងឆ្នាំ ២០១៣ គឺលោក Pete Lau បានសរសេរក្នុងប្លុកមួយថា «នៅពេលយើងចាប់ផ្តើមអភិវឌ្ឍ OnePlus 5 គឺយើងចង់ផលិតចេញស្មាតហ្វូនមួយដែលមានសមត្ថភាពដំណើរការរលូនឥតទាស់»។ លោក Lau បន្ថែមថា «ក្រុមហ៊ុនជ្រើស​រើសយក Snapdragon 835 គឺដោយសារតែវាមានសមត្ថភាពប្រតិបត្តិការខ្ពស់ និងពោរពេញទៅដោយថាមពល សាកសមជាមួយកម្មវិធី OyxenOS បំផុត»។

ក្រៅពីការទទួលគូសបញ្ចាក់ទាំងនេះ គេមិនទាន់ទទួលបានព័ត៌មានផ្លូវការលំអិតអ្វីច្រើនឡើយទាក់ទងទៅនឹងទូរសព្ទលំដាប់កំពូលមួយនេះ។ ប៉ុន្តែ បើតាមព័ត៌មានចចាមអារ៉ាមកន្លងមកថា តួខ្លួនរបស់ 5 នឹងស្រោបដោយ​លោហ:ទាំងស្រុង ហើយបំពាក់អេក្រង់ Quad HD ទំហំ ៥.៥ អីុញ ប្រើ RAM ទំហំ ៨ ជីហ្គាបៃយ៍ និងអង្គចងចាំជាប់ម៉ាស៊ីនទំហំ ៦៤ ជីហ្គាបៃយ៍ អាចស៊កមេម៉ូរីប្រភេទ MicroSD បន្ថែម ព្រមជាមួយថ្មដែលមានថាម​ពល ៤,០០០ មីល្លីអំព៊ែរ។

ចំណែកកាមេរ៉ាមុខ/ក្រោយវិញ ត្រូវគេរាយការណ៍ថា នឹងមានទំហំ ១៦/២៣ មេហ្គាភិចសែល តែគេមិនច្បាស់ថា វានឹងប្រើកាមេរ៉ាភ្លោះឬក៏អត់នោះទេ។

ស្មាតហ្វូន OnePlus 5 ត្រូវគេរំពឹងថានឹងចេញលក់ក្នុងតម្លៃ ៤៣៩ ដុល្លារ គឺទាបជាង Galaxy S8 និង G6 របស់ក្រុមហ៊ុន Samsung និង LG ដែលជាគូប្រជែងស្ទើរតែពាក់កណ្តាល៕

ប្រភពព័ត៌មាន: mashable

មតិយោបល់