ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត Zuckerberg មកទទួលសញ្ញាបត្រពី Harvard ក្រោយបោះបង់ការសិក្សាអស់ ១២ ឆ្នាំ

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Mark Zuckerberg បានឡើងថ្លែងសុន្ទរកថា ក្នុងពិធីប្រគល់សញ្ញាបត្រឆ្នាំ ២០១៧ នៅឯ Harvard ដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញជាងគេ នៅសហរដ្ឋអាមេរិក ដោយក្នុងនោះលោក ថែមទាំងទទួលបាននូវសញ្ញាបត្របណ្ឌិតកិត្តិយសមួយផងដែរ។

ដូចដែលយើងធ្លាប់បានដឹងហើយថា នាយកប្រតិបត្តិវ័យ ៣៣ ឆ្នាំ ព្រមទាំងជាមហាសេដ្ឋី លេខរៀងទី ៥ នៅលើពិភពលោករូបនេះ បានបោះបង់ចោលការសិក្សាពីសាកលវិទ្យាល័យមួយនេះ អស់រយៈពេលជាង ១២ ឆ្នាំកន្លងមកហើយ ដើម្បីយកឱកាសនោះ ទៅបង្កើតបណ្តាញទំនាក់ទំនងសង្គមយក្សហ្វេសប៊ុក ដែលបច្ចុប្បន្នក្រុមហ៊ុនរបស់លោកមួយនេះ មានតម្លៃជាទឹកប្រាក់សរុបរហូតដល់ ៤៤៧ កោដិដុល្លារអាមេរិកឯណោះ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោក រយៈពេលជាង ៣០ នាទី លោកបានផ្ដោតសំខាន់ទៅលើប្រធានបទស្តីពីគោលនយោបាយ ក្នុងនោះក៏មានលើកទ្បើងអំពី បម្រែបម្រួលនៃអាកាសធាតុ, មូលដ្ឋាននៃប្រាក់ចំណូលជាសាកល, កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ព្រមទាំងការធ្វើឲ្យលទ្ធិប្រជាធិបតេយ្យកាន់តែមានភាពប្រសើរទ្បើង ជាមួយនឹងការអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការបោះឆ្នោត តាមរយៈបណ្តាញអ៊ិនធើណែត។

លោក Zuckerberg ថែមទាំងបានលើកឡើងផងដែរថា «ដើម្បីអាចផ្លាស់ប្ដូរពិភពលោកបាន គឺត្រូវផ្ដើមចេញពីការផ្លាស់ប្ដូរខ្លួនឯងជាមុនសិន» ។

សូមទស្សនាវីដេអូខាងក្រោម [លោក Mark Zuckerberg ឡើងថ្លែងសុន្ទរកថា]៖

មតិយោបល់