Google គឺជាកម្មវិធីរុករកធំជាងគេបំផុត និងអាចផ្តល់នូវព័ត៌មានដែលលោកអ្នកចង់រកបានទូលំទូលាយជាងកម្មវិធី Search Engine ដទៃទៀតដូចជា Bing, Yahoo ផងដែរ។
នៅលើ iOS 11 ក្រុមហ៊ុន Apple បានបន្ថែមនូវថតកម្មវិធីក្នុងកម្មវិធី iMessages ផ្ទាល់តែម្តង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូរសព្ទ iPhone ឬ iPad ផ្ញើអ្វីៗទៅកាន់ញាត្តិមិត្តរបស់ពួកគេដោយមិនចាំបាច់ចាកចេញពីកម្មវិធី។
ទោះយ៉ាងណា កម្មវិធី Google មិនមានភ្ជាប់មកស្រាប់លើថតកម្មវិធីថ្មីនោះទេ។ ដូច្នេះ លោកអ្នកត្រូវតែដាក់វាបញ្ចូលទើបបាន ហើយវិធីធ្វើបែបនេះ គឺមានបង្ហាញជូននៅខាងក្រោម៖
1- សូមចូលទៅកាន់កម្មវិធី App Store ដើម្បីទាញយក និងដំឡើងកម្មវិធី Google
2- បើកកម្មវិធី Message រួចជ្រើសយកការសន្ទនាជាមួយនរណាម្នាក់ ហើយអូសលើថតកម្មវិធីនៅអេក្រង់ខាងក្រោម ដើម្បីស្វែងរករូបតាងកម្មវិធី Google (អក្សរ G ពណ៌ចម្រុះ)
3- សូមអូសរហូតដល់ឃើញប៊ូតុងចុចៗបី (…) ហើយចុចលើវា នោះលោកអ្នកនឹងឃើញឈ្មោះកម្មវិធី Google នៅលើបញ្ជីឈ្មោះកម្មវិធី
4- ចុចលើឈ្មោះនោះ ហើយកម្មវិធី Google នៅឋិតនៅលើថតកម្មវិធីខាងក្រោមអេក្រង់ក្នុងកម្មវិធី Message របស់លោកអ្នកជាប់រហូតតែម្តង។
5- បន្ទាប់មក លោកអ្នកអាចចុចចូលទៅកាន់កម្មវិធី Google ដើម្បីស្វែងរកព័ត៌មានទាក់ទងអាកាសធាតុ អាហារ វីដេអូ និងទីកន្លែងផ្សេងៗក្នុងកម្មវិធី Google Maps ជាដើម។ល។ ដើម្បីផ្ញើទៅកាន់ដៃគូសន្ទនាបានដោយផ្ទាល់ក្នុងកម្មវិធី Message លើទូរសព្ទរបស់ខ្លួនតែម្តង៕
ប្រភពព័ត៌មានៈ tomsguide
មតិយោបល់