Sony ចេញតម្លៃ Xperia XZ2 និង XZ2 Compact ផ្លូវការ!
ពីមួយជំនាន់ទៅមួយជំនាន់ក្រុមហ៊ុន Sony Mobile តែងព្យាយាមច្នៃបង្កើតផលិតផលស្មាតហ្វូនឱ្យកាន់តែមានភាពទាក់ទាញ និងទំនើប ដើម្បីប្រកួតប្រជែងលើទីផ្សារស្មាតហ្វូនដ៏ក្តៅគគុក។ ក្នុងឆ្នាំ ២០១៨ នេះក៏មិនខុសពីឆ្នាំមុនៗនោះដែរ។
ក្រុមហ៊ុនបានប្រកាសចេញនូវស្មាតហ្វូនលំដាប់កំពូល Xperia ជំនាន់ថ្មីពីរម៉ូឌែល: XZ2 និង XZ2 Compact ដោយពាំនាំមកនូវរចនាបទបែបកោងថ្មី ស្ទើរតែខុសពី Xperia ស៊េរីមុនៗទាំងស្រុង។
ជាមួយ XZ2 និង XZ2 Compact ក្រុមហ៊ុន Sony Mobile នៅតែផ្តោតសំខាន់ទៅលើសមត្ថភាពកាមេរ៉ា និងមុខងារកម្សាន្តទៅដល់អតិថិជនតាមរយៈ ប្រព័ន្ធសំឡេង S-Force Front Surround និងប្រព័ន្ធកាមេរ៉ា Motion Eye ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ Sony អាចផ្តិតយករូបភាពវីដេអូខ្លាំងមិនធ្លាប់មានកម្រិត HDR ខ្នាត 4K និងល្បឿន 960fps សម្រាប់វីដេអូខ្នាត 1080p។
សម្រាប់តម្លៃរបស់ XZ2 និង XZ2 Compact ក្នុងទីផ្សារអាមេរិកគឺ ៨០០ ដុល្លារ និង ៦០០ ដុល្លារ ឯទីផ្សារអឺរ៉ុបគឺមានតម្លៃ ៨០០ អឺរ៉ូ និង ៦០០ អឺរ៉ូ។ បើធៀបជាមួយ XZ1 គឺ XZ2 មានតម្លៃខ្ពស់ជាងដល់ ១០០ ដុល្លារ ឯ XZ1 Compact និង XZ2 Compact គឺមានតម្លៃស្មើគ្នាពេលចេញដំបូង៕
មតិយោបល់