អាមេរិក៖ ក្រុមហ៊ុន Samsung បានប្រកាសប្រមូល Galaxy Note 7 ជាផ្លូវការនៅជុំវិញពិភពលោក បន្ទាប់ពីមានសេចក្ដីរាយការណ៍មកថា ស្មាតហ្វូន Galaxy Note 7 ផ្ទុះឆេះខណៈពេលកំពុងសាកថ្ម។ តើការផ្ទុះឆេះនេះ បណ្ដាលមកពីហេតុអ្វី? ក្រុមហ៊ុន Samsung បានអះអាងថា មកពីបញ្ហាថ្ម។ តោះ! យើងទៅស្ដាប់អ្នកជំនាញពន្យល់ពីបញ្ហានេះម្ដង។
លោក Donal Finegan វិស្វករគីមីនៅសាកលវិទ្យាល័យ University College London បានឲ្យដឹងថា «បញ្ហាថ្ម កម្រកើតមានណាស់ ទៅលើការផ្ទុះឆេះ ប៉ុន្តែវាអាចពាក់ព័ន្ធទៅនឹងលទ្ធភាពនៃផ្ទុកថ្ម ឬកំហុសបច្ចេកទេសផ្សេង»។
លោក Finegan បានបន្ថែមទៀតថា ការផ្ទុះឆេះខណៈពេលកំពុងសាកថ្ម អាចជាកំហុសរបស់ក្រុមហ៊ុនផ្គត់ផ្គង់ថ្ម ដោយសារតែពួកគេមិនបានយកចិត្តទុកដាក់ទៅលើការផលិត ដូចជាមិនបានពិនិត្យមើលទៅលើគុណភាពនៃការប្រើប្រាស់ ជាពិសេសគឺមិនបានកំណត់ឲ្យផ្ដាច់ការសាកថ្មដោយស្វ័យប្រវត្ត នៅពេលដែលថ្មត្រូវបានសាកពេញលេច ដែលចំណុចនេះ អាចធ្វើឲ្យចរន្តអគ្គីសនី នៅតែបន្តជ្រាបចូលទៅកាន់ឃ្លាំងផ្ទុកថ្ម ខណៈដែលឃ្លាំងផ្ទុកថ្មនោះ អស់លទ្ធភាពក្នុងការផ្ទុក។
ទាំងនេះគឺជាការពន្យល់របស់លោក Finegan ប៉ុន្តែខាងក្រុមហ៊ុន Samsung មិនបានពន្យល់ដូច្នេះទេ គ្រាន់តែបញ្ជាក់នៅពេលនេះ កំពុងតែធ្វើការស៊ើបអង្កេត ខណៈដែលលទ្ធផលបណ្ដោះអាសន្នរកឃើញថា មកពីថ្ម ទើបណ្ដាលឲ្យផ្ទុះឆេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung បានបញ្ជាក់ថា មាន Galaxy Note 7 ត្រឹមតែ ៣៥គ្រឿងប៉ុណ្ណោះ ដែលមានបញ្ហា ប៉ុន្តែសារព័ត៌មាន Phone Arena បានចុះផ្សាយថា នោះគឺជាតួលេខមិនពិតឡើយ៕
មតិយោបល់