យោងតាមរបាយការណ៍ថ្មីមួយពីគេហទំព័រ The Investor បានឱ្យដឹងថា ក្រុមហ៊ុន Apple នឹងបំពាក់ថ្មប្រភេទថ្មី រាងជាអក្សរ L ដូចជា iPhone X ប៉ុន្តែមានតែមួយគ្រាប់ សម្រាប់ iPhone ជំនាន់បន្ទាប់របស់ខ្លួន ដែលនឹងចេញនៅអំឡុងខែកញ្ញាឆ្នាំ ២០១៨ នេះ។
របាយការណ៍ដដែលបន្ថែមថា ក្រុមហ៊ុនផលិតថ្ម LG Chem របស់ក្រុមហ៊ុនអេឡិចត្រូនិក LG គឺជាអ្នកទទួលខុសត្រូវចំពោះការផលិតកម្មថ្មថ្មីសម្រាប់ក្រុមហ៊ុន Apple បន្ថែមពីលើអេក្រង់ OLED មួយភាគ ហើយវានឹងមានថាមពលខ្លាំងជាងថ្មរាងអក្សរ L ដែលមានពីរកូនរបស់ iPhone X បច្ចុប្បន្ន។
បន្ថែមពីលើនោះ ប្រព័ន្ធប្រតិបត្តិការនៃបន្ទះឈីប CPU ស៊េរី A ថ្មីរបស់ក្រុមហ៊ុន Apple ដែលមានដំណើរការកាន់តែមានប្រសិទ្ធភាព អាចនឹងជួយឱ្យ iPhone ជំនាន់បន្ទាប់ម៉ូឌែលអេក្រង់ទំហំ ៥.៨ អីុញ កាន់ថ្មបានកាន់តែយូរដូច iPhone 8 Plus ដោយមិនគិតពីអត្ថប្រយោជន៍បន្ថែមពីការប្រើអេក្រង់ OLED ដែលស៊ីថ្មតិច។
ដោយឡែក ចាប់តាំងពី iPhone X ចាប់កំណើតមក មានអ្នកប្រើប្រាស់ជាច្រើនចង់បានឱ្យក្រុមហ៊ុនចេញស៊េរី Plus ដែលមានអេក្រង់ធំជាងស៊េរីបច្ចុប្បន្ន។ ពាក់ព័ន្ធនឹងការចង់បាននេះ បើយោងតាមព័ត៌មានចចាមអារ៉ាមចុងក្រោយ Apple អាចនឹងផលិត iPhone គ្មានស៊ុមដូចជា iPhone X ដែលបំពាក់អេក្រង់ធំរហូតដល់ ៦.៥ អីុញ។
ដូច្នេះ ការផលិតថ្មដែលមានសមត្ថភាពកាន់តែខ្លាំង ជាមួយបន្ទះឈីបដែលស៊ីថាមពលកាន់តែតិច គឺនឹងជួយឱ្យទូរសព្ទដែលមានអេក្រង់កាន់តែធំ មិនបន្ថយអាយុកាលប្រើប្រាស់អ្វីឡើយ បើទោះជាវាមានបន្ថែមមុខងារថ្មីៗបន្ថែមទៀតក៏ដោយ៕
ប្រភពព័ត៌មានៈ 9to5mac
មតិយោបល់