បន្ទាប់ពីបានប្រឈមមុខដាក់គ្នានៅឯតុលាការជាច្រើនលើកច្រើនសាររួចមក ក្រុមហ៊ុនផលិតបន្ទះឈីបសម្រាប់បំពាក់លើឧបករណ៍ចល័តដ៏ធំបំផុតរបស់ពិភពលោក Qualcomm និងក្រុមហ៊ុន Apple បាននិងកំពុងឈានដល់ដំណាក់កាលបែកបាក់គ្នា ក្នុងទំនាក់ទំនងដៃគូអាជីវកម្មក្នុងនាមអ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញដ៏សំខាន់។
យោងតាមប្រភពព័ត៌មានពី PCMag ក្រុមហ៊ុន Qualcomm បានបោះពាក្យសម្តីថា ខ្លួនគឺបានត្រៀមខ្លួនរួចជាស្រេចក្នុងការរុលទៅមុខដោយគ្មាន Apple។ ការលើកឡើងរបស់ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបដ៏ធំបំផុតមួយរបស់ Apple បែបនេះ គឺបន្ទាប់ពីជម្លោះផ្លូវច្បាប់ដ៏តាន់តឹងនៅក្នុងខែតុលា និងក្រោយពីមានរបាយការណ៍ជាច្រើនអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកកំពុងព្យាយាមអភិវឌ្ឍបន្ទះឈីបដោយខ្លួនឯង និងស្វែងរកដៃគូផ្គត់ផ្គង់ដទៃ។
ជាក់ស្តែង Apple បានប្រើបន្ទះឈីបម៉ូឌឹមពីក្រុមហ៊ុន Intel ឈ្មោះ XMM 7480 សម្រាប់ iPhone 8, 8 Plus, និង X ម៉ូឌែល GSM ព្រមជាមួយការប្រើឈីប Snapdragon X16 របស់ក្រុមហ៊ុន Qualcomm សម្រាប់ទូរសព្ទស៊េរីដូចគ្នាម៉ូឌែល CDMA។
ទាក់ទងទៅនឹងការលើកឡើងខាងលើនេះ មានការរំពឹងទុកថា Apple នឹងបែរទៅរកក្រុមហ៊ុន MediaTek ដើម្បីជំនួស Qualcomm ប្រសិនបើក្រុមហ៊ុនទាំងពីរចែកផ្លូវដើរផ្សេងពីគ្នាមែននោះ។
ប្រធានក្រុមហ៊ុន Qualcomm បានលើកឡើងថា ដោយសារកំណើនអាជីវកម្មខ្លួននៅក្នុងប្រទេសចិន ជាមួយក្រុមហ៊ុនផលិតបន្ទះឈីបដទៃដូចជា Samsung ការផុសផុលនៃការអភិវឌ្ឍបន្ទះឈីបម៉ូឌឹម 5G នាពេលខាងមុខ និងអាជីវកម្មដទៃខាងក្រៅឧស្សាហកម្មទូរសព្ទចល័ត Qualcomm នឹងជឿនលឿនទៅមុខដោយពុំចាំបាច់មានការបញ្ជាទិញពី Apple បាន។
គួរបញ្ជាក់ថា ក្រៅពីផ្តោតលើកំណើនអាជីវកម្មជាមួយក្រុមហ៊ុនផលិតទូរសព្ទនៅក្នុងប្រទេសចិន Qualcomm ក៏ជាអ្នកផ្គត់ផ្គង់បន្ទះឈីបសម្រាប់ក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃដើរដោយប្រព័ន្ធ Windows ជាច្រើនផងដែរ៕
ប្រភពព័ត៌មានៈ phonearena
មតិយោបល់