ព័ត៌មានបច្ចេកវិទ្យា

កម្មវិធី Camera ថ្មីលើ iOS 11 នឹងជួយសំចៃមេម៉ូរី iPhone បាន ៥០%

នេះគឺជាដំណឹងដ៏គួរឱ្យរីករាយមួយសម្រាប់ប្រិយមិត្តដែលកំពុងប្រើប្រាស់ទូរសព្ទដៃ iPhone ឬថេប្លេត iPad ដែលមានមេម៉ូរីតូចត្រឹម 16GB, 32GB ឬ 64GB។ រីករាយក៏ដោយសារតែក្រុមហ៊ុន Apple តាមរយៈព្រឹត្តិការណ៍ WWDC17 កន្លងទៅថ្មីៗនេះ បានប្រកាសថា កម្មវិធី Camera ថ្មីនៅលើ iOS 11 អាចផលិតរូបភាព-វីដេអូជាមួយទ្រង់ទ្រាយថ្មី ហៅកាត់ថា HEVC (High Efficiency Video Coding) និង HEIF (High Efficiency Image File) ដែលវាស៊ីមេម៉ូរីអស់តិចជាងទ្រង់ទ្រាយបច្ចុប្បន្នពាក់កណ្តាល ដោយមិនធ្វើឱ្យបាត់បង់គុណភាព។

មូលហេតុដែលនាំឱ្យមានការផ្លាស់ប្តូរនេះ គឺមកពីកម្រិតសមត្ថភាពកាមេរ៉ាត្រូវបានបង្កើនជាលំដាប់ ដែលនាំឱ្យវាត្រូវការទំហំមេម៉ូរីកាន់តែធំ។ HEVC និង HEIF គឺជាបច្ចេកវិទ្យាបម្រួញឯកសារថ្មីមួយ ដែលបង្កើតឡើងដំបូងនាឆ្នាំ ២០១៥ និងជាដំណោះស្រាយដ៏ល្អឥតខ្ចោះចំពោះបញ្ហានេះ ជាពិសេសសម្រាប់ឧបករណ៍ដែលប្រើមេម៉ូរី ឬអង្គចងចាំតូច។

ជាមួយឯកសាររូបភាព-វីដេអូប្រភេទថ្មីនេះ ក្រុមហ៊ុនផលិត iPhone មិនត្រឹមតែអាចធ្វើឱ្យប្រសើរឡើងនូវគុណភាពរូបថត និងវីដេអូប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងអាចត្រៀមខ្លួនសម្រាប់ការបង្កើតកម្មវិធីពាក់ព័ន្ធនឹងឯកសាររូបភាព-វីដេអូដទៃផ្សេងទៀតនាពេលអនាគតផងដែរ។

គួរបញ្ជាក់ថា Apple ចាប់ពីឆ្នាំ ២០១៣ មក គឺបានជ្រើសរើសប្រើប្រាស់ឯកសារវីដេអូប្រភេទ h.263 និងឯកសាររូបភាពប្រភេទ .jpg ដែលប្រភេទឯកសារទាំងពីរនេះ គឺស៊ីមេម៉ូរីអស់ធំ ទៅតាមសមត្ថភាពកាមេរ៉ា៕

ប្រភពព័ត៌មានៈ 5to9mac

មតិយោបល់