ក្រោយពីក្រុមហ៊ុន ZTE បានប្រកាសថាខ្លួននឹងរៀបចំសន្និសីទ្ធសារព័ត៌មានមួយនាទីក្រុង New York ថ្ងៃទី ១៧ តុលាមក រូបថតស្មាតហ្វូនអេក្រង់ភ្លោះអាចបត់បានមួយឈ្មោះ Axon M (Multy) ដែលបានលេចឮព័ត៌មានកាលពីប៉ុន្មានសប្តាហ៍មុន ត្រូវបានបែកធ្លាយ ដែលនាំឱ្យគេជឿថា វានឹងជាធ្វើតួឯកនៅលើវេទិកាខែក្រោយ។
Axon M ត្រូវគេអះអាងថា នឹងបំពាក់អេក្រង់ពីរដែលមានខ្នាតបញ្ចាំងរូបភាពកម្រិត Full HD ដូចគ្នា ហើយនៅពេលអេក្រង់ទាំងពីរបើកចេញ វានឹងផ្គុំគ្នាទៅជាអេក្រង់មួយទំហំ ៦.៨ អីុញ មានខ្នាតបញ្ចាំងរូបភាពកម្រិត ១៨២០ x ២១៦០ ភិចសែល។
មែនទែនទៅ អេក្រង់ទាំងពីរមិនអាចបត់បាននោះទេ ប៉ុន្តែ តួទូរសព្ទទៅវិញទេដែលអាចបត់ចុះឡើងបាននោះ។ គួរឱ្យចាប់អារម្មណ៍ផងដែរ ទូរសព្ទអេក្រង់ភ្លោះមិនធ្លាប់មានពីមុននេះ អាចនឹងត្រូវបានរចនាដើម្បីបើកដំណើរការកម្មវិធីផ្សេងគ្នាក្នុងពេលតែមួយ។
យោងតាមប្រភពដដែល Axon M ដែលមើលទៅមានរៀងក្រាស់ជាងស្មាតហ្វូនធម្មតានោះ នឹងបំពាក់បន្ទះឈីប Snapdragon 820 ប្រើ RAM ទំហំ ៤ GB មេម៉ូរីជាប់ម៉ាស៊ីនទំហំ ៣២ GB និងប្រើថ្មថាមពល ៣១២០ mAh ហើយមានតម្លៃខ្ទង់ ៦៥០ ដុល្លារ សម្រាប់ទីផ្សារអាមេរិក។
Axon M ត្រូវគេរំពឹងថា នឹងប្រកាសចេញជាផ្លូវការថ្ងៃទី ១៦ ឬ ១៧ តុលាខាងមុខ ហើយបើវាជាការពិតមែននោះ ZTE នឹងក្លាយជាក្រុមហ៊ុនដែលបានផលិតចេញស្មាតហ្វូនអេក្រង់ភ្លោះបត់មុនដំបូងគេបង្អស់ជាមិនខាន៕
ប្រភពព័ត៌មានៈ androidauthority
មតិយោបល់