ព័ត៌មានបច្ចេកវិទ្យា

LG នឹងបង្ហាញមុខកីឡាករគីឡូធ្ងន់ថ្មី V30 នៅពិព័រណ៍ IFA ខែកញ្ញា ខាងមុខនេះហើយ!

យោងតាមគេហទំព័រព័ត៌មានបច្ចេកវិទ្យា ETNews បានឱ្យដឹងថា ក្រុមហ៊ុន LG នឹងប្រកាសចេញជាផ្លូវការនូវកំពូលទូរសព្ទសែស្រឡាយ V ដ៏ទំនើបជំនាន់ទី ៣ របស់ខ្លួន គឺ V30 នៅក្នុងឱកាសនៃពិព័រណ៍ IFA ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ១-៦ ខែកញ្ញា ខាងមុខ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។

LG V30 ដែលត្រូវគេរាយការណ៍ថា មានរចនាបទលំនាំ LG G6 បំពាក់អេក្រង់ស្ទើរ​គ្មានស៊ុមជុំវិញនោះ នឹងក្លាយជាទូរសព្ទ LG បំពាក់អេក្រង់ OLED ដំបូងគេ គិតចាប់តាំងពីទូរសព្ទដៃ LG ស៊េរី G Flex បង្ហាញវត្តមាន​ ដែលវាក៏ជាផលិតផលវិនិយោគយ៉ាងសម្បើមរបស់ក្រុមហ៊ុន ក្រៅពីក្រុមហ៊ុន Samsung។

តាមប្រភពព័ត៌មានក្រៅផ្លូវការ ស្មាតហ្វូនត្រកូលអេក្រង់ធំ ទំហំ ៦.២ អីុញ នេះ នឹងប្រើប្រាស់បន្ទះឈីប Snapdragon 835 ប្រភេទ Octa-core ល្បឿន ២.៥៤​ ជីហ្គាហ៊ឺត​ ថាមពលថ្ម ៣,២០០ មីល្លីអំព៊ែរ ប្រើរន្ធកាសប្រភេទ 3.5mm, RAM ទំហំ ៤/៦ ជីហ្គាបៃយ៍, ROM ទំហំ ៣២/៦៤/១២៨ ជីហ្គាបៃយ៍ ហើយវានឹងចេញលក់នៅលើទីផ្សារនៅចុងខែកញ្ញា។

បើយោងតាមប្រភពព័ត៌មានចចាមអារ៉ាម V30 ក៏នឹងបំពាក់កាមេរ៉ាក្រោយភ្លាមទំហំ ១៣+១៣ មេហ្គាភិចសែល និងកាមេរ៉ាមុខ ៨ មេហ្គាភិចសែល មានបន្ទះ​​​ស្គេនក្រយៅដៃនៅខាងក្រោយ ហើយវានឹងដាក់លក់ក្នុងតម្លៃប្រហែល ៧០០ ដុល្លារ សម្រាប់ជម្រើសទំហំផ្ទុកទិន្នន័យជាប់ម៉ាស៊ីន ៦៤ ជីហ្គាបៃយ៍៕

អត្ថបទៈ សេង

ប្រភពព័ត៌មានៈ gsmarena, androidcentral

មតិយោបល់