ទីបំផុតទៅ ក្រុមហ៊ុនផលិតអេក្រង់ LG Display របស់ LG បានសម្រេចដោយជោគជ័យលើគ្រោងការផលិតអេក្រង់ឆ្លុះសាច់អាចបញ្ចាំងរូបភាពគុណភាពកម្រិត UHD និងអាចពត់បានទំហំ ៧៧ អីុញ ធំបំផុត និងដំបូងគេក្នុងលោក ដែលគាំទ្រដោយរដ្ឋាភិបាលហើយ។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនផ្ទាល់។
គម្រោងនេះដែរ គឺមានការទ្រទ្រង់ពីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់រដ្ឋាភិបាលកូរ៉េ ហើយចំណាយពេលរហូតដល់ ៥៩ ខែ មុននឹងសម្រេច។ គោលដៅនៃគម្រោង គឺធ្វើឡើងដើម្បីប្រជែងជាមួយផលិតផលអេក្រង់ប្រភេទនេះរបស់ក្រុមហ៊ុនចិន និងតៃវ៉ាន់ ដែលជាគូប្រកួតប្រជែងដ៏សំខាន់របស់ខ្លួន ក្នុងឧស្សាហកម្មអេក្រង់ពាណិជ្ជ។
អេក្រង់ទំហំ ៧៧ អីុញ នេះ មានភាពឆ្លុះ ៤០ ភាគរយ និងកំណោង ៨០R ឬអាចពត់វាទៅជារង្វង់គិតជារង្វាស់រ៉ាដ្យង់ ៨០ មីល្លីម៉ែត្រ។ ក្រុមហ៊ុនផលិតបរិក្ខារនានាដែលបានចូលរួម បានអភិវឌ្ឍឧបករណ៍ល្អបំផុតសម្រាប់បម្រើដល់ការផលិតចេញទ្រង់ទ្រាយធំនូវអេក្រង់ឆ្លុះសាច់អាចពត់បាននេះ។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន LG បានផលិតចេញអេក្រង់ប្រភេទនេះ ជាលើកដំបូងបង្អស់នៅក្នុងឆ្នាំ ២០១៤ ហើយកាលណោះ វាមានទំហំត្រឹមតែ ១៨ អីុញប៉ុណ្ណោះ។ លុះដល់ឆ្នាំ ២០១៦ ក្រុមហ៊ុនបានបង្កើនទំហំរបស់វារហូតដល់ ៥៥ អីុញ និងមានភាពឆ្លុះ ៤០ ភាគរយ។
ដោយឡែក Google ត្រូវគេរាយការណ៍ថា កំពុងដាក់ទុនវិនិយោគនៅក្នុងក្រុមហ៊ុន LG Display ដើម្បីទទួលបានការផ្គត់ផ្គង់អេក្រង់ OLED ខ្នាតតូចអាចពត់បានសម្រាប់បំពាក់លើទូរសព្ទ Pixel ជំនាន់បន្ទាប់របស់ខ្លួន៕
ប្រែសម្រួលៈ សេង,ប្រភពព័ត៌មានៈ cnet
មតិយោបល់