ប្រធានក្រុមហ៊ុន Facebook លោក Mark Zuckerberg ក្នុងវេទិកា Facebook Communities Summit កាលពីយប់ថ្ងៃពុធ កន្លងទៅនេះ បានប្រកាសផ្លាស់ប្តូរបេសកកម្មថ្មីសម្រាប់បណ្តាញទំនាក់ទំនងសង្គមយក្សរបស់ខ្លួន ពីការ“តភ្ជាប់ពិភពលោក” ទៅជា“បង្ខិតពិភពលោកឱ្យកាន់តែជិត”។
ថ្លែងក្នុងវេទិកាជំនួបសហគមន៍ Facebook Group លើកដំបូងមិនធ្លាប់មាន នាទីក្រុង Chicago ក្រោមវត្តមានម្ចាស់ Facebook Groups ល្បីៗរាប់រយនាក់ មហាសេដ្ឋីលំដាប់ពិភពលោកវ័យ ៣៣ ឆ្នាំរូបនេះ បានថ្លែងប្រាប់ពីគោលដៅបេសកកម្មថ្មីរបស់ខ្លួនក្នុងការភ្ជាប់មនុស្សនៅក្នុងពិភពលោកឱ្យកាន់តែខិតជិតគ្នា តាមរយៈការដាក់បញ្ចូលលក្ខណៈពិសេសថ្មី ៥ ចំណុចទៅលើការបង្កើត និងគ្រប់គ្រង Facebook Group ហើយលក្ខណៈពិសេសទាំងនោះរួមមាន៖
១– Group Insights: ម្ចាស់គ្រុប Facebook ទាំងអស់ នឹងអាចឆែកមើលតារាងទិន្នន័យព័ត៌មានក្នុងពេលវេលាពិតប្រាកដអំពីកំណើន ការចូលរួម និងភាពជាសមាជិករបស់សមាជិកក្នុងគ្រុប Facebook នីមួយៗបាន រាប់បញ្ចូលការបង្ហោះផ្សេងៗ និងព័ត៌មានដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងជាងគេ។
២– Group to group linking: គឺកំពុងត្រូវបានដាក់ដំណើរការសាកល្បង ដែលវានឹងអនុញ្ញាតឱ្យអ្នកគ្រប់គ្រង ឬម្ចាស់ Facebook Group អាចណែនាំ Facebook Group ផ្សេងទៀត ដែលត្រូវបានបង្កើតឡើងក្នុងគោលដៅដូច ឬស្រដៀងគ្នាទៅកាន់សមាជិកដទៃបាន។
៣– Membership request filtering: ម្ចាស់ Facebook Group អាចតម្រៀប និងច្រោះសំណើរផ្សេងៗពីសមាជិកក្នុងគ្រុបដោយផ្អែកតាមភេទ ឬតំបន់ខុសៗគ្នារបស់ពួកគេ និងអនុញ្ញាតឱ្យពួកគេមានសិទ្ធិយល់ព្រម ឬបដិសេធគ្រប់យ៉ាងក្នុងពេលណាមួយបាន។
៤– Remove member clean-up: អ្នកគ្រប់គ្រង Group អាចដកសមាជិកណាម្នាក់ ឬច្រើន និងមាតិកាដែលពួកគេដែលបានបង្ហោះចេញពីគ្រុបរបស់ខ្លួនបាន រាប់បញ្ចូលទាំងការអធិប្បាយផ្សេងៗរបស់ពួកគេផងដែរ។
៥– Schedule post: ម្ចាស់គ្រុប និងអ្នកសម្របសម្រួលអាចបង្កើត និងកំណត់ម៉ោងពេលជាក់លាក់ណាមួយសម្រាប់ដាក់បង្ហោះអត្តបទ រូបភាព ឬវីដេអូទាំងឡាយណាចេញនៅលើ NewsFeed នៃ Facebook Group របស់ខ្លួនបាន។
គួរបញ្ចាក់ថា តាមការថ្លែងរបស់ក្រុមហ៊ុន Facebook គិតត្រឹមពេលបច្ចុប្បន្ន មានអ្នកប្រើប្រាស់ Facebook Group ដល់ទៅជាងមួយពាន់លាននាក់ហើយ នៅជុំវិញពិភពលោកយើងនេះ។ ក្រុមហ៊ុនបានបន្ថែមថា ខ្លួនគ្រោងនឹងរៀបចំឱ្យមានជំនួប FCS នេះ នៅក្រៅទឹកដីអាមេរិកបន្ថែមទៀតនាថ្ងៃអនាគត៕
អត្តបទ: សេង, ប្រភពព័ត៌មានៈ mobilesyrup
មតិយោបល់