ព័ត៌មានបច្ចេកវិទ្យា

Sony Xperia ស៊េរីក្រោយ អាចនឹងបំពាក់អង្គញាណស្កេនមុខ 3D

ខណ:ក្រុមហ៊ុនផលិតស្មាតហ្វូនកំពុងប្រណាំងប្រជែងគ្នាលើបច្ចេកវិទ្យាស្កេនប្រស្រីភ្នែក និងស្កេនក្រយៅដៃ ក្រុមហ៊ុន Sony អាចនឹងមានបច្ចេកវិទ្យាថ្មីដែលល្អប្រសើរជាងនេះ សម្រាប់ទូរសព្ទត្រកូល Xperia ជំនាន់ក្រោយរបស់ខ្លួន។

ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនមួយនេះ ត្រូវគេរាយការណ៍ថា អាចនឹងប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខ 3D ថ្មីមួយ ហើយវាត្រូវគេរំពឹងថា នឹងបង្ហាញវត្តមានតាមរយ:ទូរសព្ទ Xperia ម៉ូដែលថ្មី នៅឯសមាជ MWC ក្នុងសប្តាហ៍នេះ នាទីក្រុងសៀងហៃ ប្រទេសចិន។

នៅក្នុងសេចក្តីរាយការដដែលបន្ថែមថា Sony ប្រហែលកំពុងធ្វើការលើ​បច្ចេ​ក​វិទ្យាសម្គាល់ផ្ទៃមុខមនុស្សដ៏ទំនើបនេះ ខណ:ខ្លួនមានក្រុមហ៊ុនបុត្រសម្ព័ន្ធ Sotkinect ដែលឯកទេសក្នុងការបង្កើតអង្គញាណចាប់ទីជម្រៅដើម្បីបង្កើតចេញជាប្លង់ផែនទីក្នុងទម្រង់ 3D។

ដោយចាប់ដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខរបស់ប្រទេសស្វីស LeyLemon ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់ជប៉ុន កំពុងគ្រោងផ្លាស់ប្តូរបច្ចេកវិទ្យានេះ ទៅជាយន្តការសន្តិសុខសុវត្ថិភាពថ្មីមួយ។

KeyLemon អះអាងថា ប្រព័ន្ធនេះ គឺរឹងមាំ និងមានភាពបត់បែនជាងបច្ចេក​វិទ្យាស្កេនផ្ទៃមុខ 2D ដែល​វាមិនអាចត្រូវបានបំភាន់ដោយរូបថត ឬក្បាលមនុស្ស 3D នោះឡើយ ពីព្រោះវាមាន​ភ្ជាប់ជាមួយសមត្ថភាពកាំរស្មីពន្លឺ Infra និងអាចស្កេនស្ទើរគ្រប់មុំនៃក្បាលមនុស្ស។

បច្ចេកវិទ្យានេះដែរ ត្រូវគេជឿថា ផ្តល់អត្ថប្រយោជន៍ខ្លាំងក្នុងការបង្កើតបច្ចេក​វិទ្យារូបភាពនិម្មិតក្នុងប្លង់ពិតជាក់ស្តែង AR (Augmented Reality) ដែលក្រុមហ៊ុន Sony កំពុងបន្ថែមទម្ងន់ការងារទៅលើរឿងនេះ៕

ប្រភពព័ត៌មាន: slashgear

មតិយោបល់