អាមេរិក: ក្រុមហ៊ុន Apple បានចាប់ផ្ដើមអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួន ធ្វើការបញ្ជាទិញ iPhone 7 និង 7 Plus ដោយតាមការប៉ាន់ប្រមាណ តួលេខនៃការបញ្ជាទិញអាចច្រើនជាង iPhone 6 ខណ:ដែលក្រុមហ៊ុនមួយនេះ ត្រូវបានគេដឹងថាកំពុងចាប់យកឥណ្ឌាធ្វើជាទីផ្សារធំ។
អ្នកវិភាគទីផ្សារស្មាតហ្វូន IDC បានលើកឡើងថា Apple កំពុងតែស្វែងរកវិធីសាស្ត្រដ៏ល្អៗ ដែលពង្រីកទីផ្សារស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌា ខណ:ដែលត្រីមាសកន្លងទៅនេះ ស្ទើរតែគ្មានចំណែកទីផ្សារទាល់តែសោះ។
របាយការណ៍ថ្មីបានបង្ហាញថា Apple បានចាប់យកឥណ្ឌាធ្វើជាទីផ្សារធំលំដាប់ទី២របស់ខ្លួនវិញ ដោយទុកចិននៅមួយឡែក ព្រោះត្រីមាសកន្លងទៅនេះ ចំណែកទីផ្សារស្មាតហ្វូនរបស់ Apple នៅចិនបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែមានគូប្រជែងក្នុងស្រុក ចេញលក់ស្មាតហ្វូនក្នុងតម្លៃថោកជាង ប៉ុន្តែគុណភាពប្រហាក់ប្រហែលគ្នា។
មួយរយ:ពេលក្រោយនេះ ក្រុមហ៊ុន Apple ហាក់ដូចជាយកចិត្តយកថ្លើមរដ្ឋាភិបាលឥណ្ឌាយ៉ាងខ្លាំង ដោយក្នុងនោះ រឿងបង្កើតរោងចក្ររបស់ក្រុមហ៊ុន Foxconn ក៏ត្រូវបានគេដឹងថា មានការជ្រោមជ្រែងពី Apple ផងដែរ ទើបក្រុមហ៊ុនចិនមួយនេះ អាចដំណើរការទៅបាន៕
