ក្រុមហ៊ុនអេឡិចត្រូនិច Samsung បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងធ្វើការរុសយកគ្រឿងគ្រៅទូរសព្ទដៃ Galaxy Note 7s ដែលមានបញ្ហាផ្ទុះឆេះដោយសារថ្មកាលពីឆ្នាំមុន ដើម្បីប្រមូលយកលោហៈធាតុមានតម្លៃ រាប់បញ្ចូលទាំងមាសផងដែរ ដោយបើតាមការប៉ាន់ស្មាន អាចនឹងមានទម្ងន់សរុប ១៥៧ តោន។ នេះបើយោងតាមការថ្លែងឱ្យដឹងពីក្រុមហ៊ុន នៅក្នុងសេចក្តីថ្លែងការមួយនៅលើគេហទំព័រជាភាសាកូរ៉េរបស់ខ្លួន។
គួររំឭកថា ការលក់ Galaxy Note 7 ត្រូវបានផ្អាក និងប្រកាសប្រមូលចូលមកវិញកាលពីខែកញ្ញាកន្លងទៅ ប៉ុន្តែ ក្នុងខែមិនាថា Samsung បានទទួលស្គាល់ថា ខ្លួនគ្រោងនឹងជុសជួល Note 7 ដែលមានបញ្ហាដើម្បីលក់ វាចេញសារជាថ្មី ដោយបន្ថែមពាក្យ s ទៅលើឈ្មោះម៉ូឌែលរបស់វា ជំនួសឱ្យការប្រមូលទូរសព្ទរាប់លានគ្រឿងយកទៅបោះចោល។
នៅក្នុងសេចក្តីប្រកាសថ្មីមួយរបស់ខ្លួន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងធ្វើការដោះបំបែកយកសមាធាតុផ្សំផ្សេងៗដែលនៅមានតម្លៃ អាចប្រើការ ឬមិនជាប់ពាក់ព័ន្ធទៅនឹងមូលហេតុនៃការផ្ទុះឆេះរបស់ទូរសព្ទ ដូចជាបន្ទះកញ្ចក់អេក្រង់ OLED ឈីបមេម៉ូរី និងកាមេរ៉ាជាដើម ពី Galaxy Note 7s រួចយកវាទៅប្រើប្រាស់ ឬជុសជុលប្រើឡើងវិញ ហើយសម្រាប់លោហៈមានតម្លៃផ្សេងៗដូចជា លោហៈកូប័ល ស្ពាន់ និងមាស ខ្លួននឹងយកទៅសម្រាញ់ដើម្បីទុកប្រើប្រាស់សារជាថ្មី។
ចំពោះគ្រោងការនេះដែរ គឺមិនត្រឹមតែអាចជួយកាត់បន្ថយការខាតបង់ដោយសារការប្រមូលចូលមកវិញនូវទូរសព្ទ Galaxy Note 7s រាប់លានគ្រឿងប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាកាតព្វកិច្ចរបស់ក្រុមហ៊ុន Samsung ក៏ដូច ជាក្រុមហ៊ុនអេឡិចត្រូនិចដទៃផ្សេងទៀត ក្នុងការចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានដែលកើតចេញពីកាកសំណល់គ្រឿងអេឡិចត្រូនិចផងដែរ៕

ប្រភពព័ត៌មានៈ techcrunch
មតិយោបល់