ខណៈការប្រកាសវត្តមានរបស់ទូរសព្ទដៃ iPhone ស៊េរីឆ្នាំ ២០១៧ ដែលគេជឿថា នឹងចេញមកបីម៉ូឌែល កាន់តែខិតជិតចូលមកដល់ ព័ត៌មានចចាមអារ៉ាមទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់វា ក៏លេចធ្លាយមកកាន់តែច្បាស់ឡើងជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែ អ្វីដែលជាព័ត៌មានដ៏សំខាន់មួយទៀតនោះគឺ ថ្ងៃបរិច្ឆេទចេញជាផ្លូវការរបស់វាតែម្តង។
មែនទែនទៅ ក្រុមហ៊ុន Apple មិនដែលបង្ហើបឱ្យដឹងពីថ្ងៃវេលាដែលខ្លួននឹងធ្វើការបើកបង្ហាញសមិទ្ធិផលទូរសព្ទដៃជំនាន់ថ្មីឱ្យសាធារណៈជនបានដឹងនោះទេ ដរាបណាថ្ងៃនោះខិតជិតចូលមកដល់មុនមួយ ឬពីរសប្តាហ៍។
ទោះយ៉ាងណា បើតាមការប៉ាន់ប្រមាណរបស់គេហទំព័រ PhoneArena ដោយផ្អែកតាមទម្លាប់របស់ក្រុមហ៊ុន Apple នាឆ្នាំកន្លងៗមក Apple នឹងប្រកាសចេញ iPhone 7s, 7s Plus, និង iPhone 8 នៅថ្ងៃទី ៥ ឬ ៦ កញ្ញា ខាងមុខ ហើយក្រុមហ៊ុននឹងចែកចាយ iPhone 7s និង 7s Plus លក់នៅលើទីផ្សារ នៅថ្ងៃទី ១៥ ឬ ២២ ក្នុងខែដដែល ចំណែក iPhone 8 នឹងចេញមកតាមក្រោយ។
ចុងក្រោយនេះដែរ ខណៈគេនៅមិនទាន់ដឹងពិតប្រាកដអំពីថ្ងៃបរិច្ឆេទចេញរបស់ iPhone 8 ដោយសារប្រភពមួយចំនួនអះអាងថា ក្រុមហ៊ុនផលិត iPhone នឹងត្រូវបង្ខំចិត្តពន្យាពេលនោះ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការថា ខ្លួននឹងនាំយក Galaxy Note 8 មកកាន់ពិភពលោក នៅថ្ងៃទី ២៣ សីហា ដែលកាលបរិច្ឆេទនេះ គឺយូរជាងការប្រកាសចេញ Galaxy Note 7 កាលពីឆ្នាំមុន ប៉ុន្តែនៅតែធ្វើឡើងមុន Apple។
ដោយយោងតាមប្រភពក្រៅផ្លូវការកន្លងមកដែរ PhoneArena ក៏បានប៉ាន់តម្លៃលក់ចេញរបស់ iPhone 8 ដោយគុណគូរឃើញថា វានឹងហក់ដល់ជាងមួយពាន់ដុល្លារ។ ក្នុងនោះ បើតាមការរំពឹងទុក iPhone 8 ជម្រើសទំហំផ្ទុក ៦៤ GB នឹងមានតម្លៃ ១,១០០ ដុល្លារ និង ១,២០០ ដុល្លារ សម្រាប់ជម្រើសទំហំផ្ទុក ១២៨ GB៕
មតិយោបល់