ព័ត៌មានបច្ចេកវិទ្យា

លោក Tim Cook: “សេចក្តីស្អប់” គឺជាជំងឺមហារីកដ៏កាចសាហាវ

សហរដ្ឋអាមេរិក៖ នៅក្នុងអំពើហិង្សាដ៏បង្ហូរឈាម បង្កឡើងដោយក្រុមបាតុករក្នុងទីក្រុង Charlottesvilla រដ្ឋ Virginia ប្រធានក្រុមហ៊ុន Apple គឺលោក Tim Cook បានសរសេរក្នុងសារមួយផ្ញើទៅកាន់បុគ្គលិកនិយោជិករបស់ខ្លួនថា “សេច​ក្តីស្អប់ គឺជាជំងឺមហារីក”ដ៏កាចសាហាវ ហើយក្រុមហ៊ុននឹងបរិច្ចាគលុយ ១ លានដុល្លារ ទៅក្រុមសង្គម​សីុវិលធ្វើការលើសិទ្ធិមនុស្សពីរក្រុម។ នេះបើយោងតាមសារព័ត៌មាន BuzzFeed News ចុះផ្សាយនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។

ប្រភពដដែលបានស្រង់ខ្លឹមសារនៃសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកបន្ថែមថា៖ ព្រឹត្តិ​ការណ៍បាតុកម្មដ៏កក្រើក និងហិង្សាកើតចេញពីការប្រកាន់ពូជសាសន៍ពណ៌សម្បុរ នៅប៉ុន្មានថ្ងៃមុននេះ នាំមកនូវបញ្ហាចាក់ស្រេះមកលើរូបលោក ហើយលោកបានឮបុគ្គលិកជាច្រើនរបស់ Apple កើតក្តីខឹងក្រោធ ទុក្ខព្រួយ និងភាន់ភាំង ទៅលើអ្វីដែលបានកើតឡើងនៅទីក្រុង Charlottesvilla តែមួយកន្លែងគត់ក្នុងទឹកដីអាមេរិក នាថ្ងៃសៅរ៍សប្តាហ៍មុន។

លោកសរសេរបន្ថែមថា៖ យើងមិនត្រូវអង្គុយបើកភ្នែកមើល ឬគាំទ្រសេចក្តីស្អប់ និងភាពចង្អៀតចង្អល់នៅក្នុងប្រទេសរបស់យើងនោះទេ។ ផ្ទុយមកវិញ យើងត្រូវតែបង្ហាញពីជំហរច្បាស់លាស់ និងរឹងមាំរបស់យើងទៅ​លើសកម្មភាពទាំងនោះ។ «នេះមិនមែនជាការបង្ហាញពីនិន្នាការឆ្វេង ឬស្តាំនិយម អភិរក្ខ ឬសេរីនិយមនោះទេ ប៉ុន្តែ វាគឺជាសុវជីវធម៌ និងសីលធម៌របស់មនុស្ស»។

គួរបញ្ជាក់ថា សាររបស់លោក Cook នេះបានធ្វើឡើង ក្រោយពីការកើតមានអំពើហិង្សាបើកឡានបុកសម្លាប់ក្រុមបាតុករដែលធ្វើបាតុកម្មប្រឆាំងការរើសអើងប្រកាន់ពូជសាសន៍នៅអាមេរិក នាពេលកន្លងទៅថ្មីៗនេះ និង​បន្ទាប់ពីលោកប្រធាធិបតី Donald Trump បាន​និយាយ​ការពារ​ក្រុមស្តាំ​និយម​ជ្រុល ដែល​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការរុះរើ រូបសំណាក​របស់​មេបញ្ជាការ Robert Lee៕

ប្រភពព័ត៌មានៈ businessinsider, km.rfi

មតិយោបល់