ព័ត៌មានបច្ចេកវិទ្យា

DJI ចេញដ្រូនថ្មី: Mavic Pro Platinum និង Phantom 4 Pro Obsidian កាន់តែឡូយ!

ក្រុមហ៊ុនផលិតដ្រូនកាមេរ៉ាដ៏ល្បីល្បាញ DJI នៅក្នុងឱកាសពិព័រណ៍ IFA ២០១៧ ដែលបាននិងកំពុងប្រព្រឹត្តិទៅនាទីក្រុងប៊ែកឡាំង ពីថ្ងៃទី ១ ដល់ថ្ងៃទី ៦ កញ្ញានេះ បានបើកបង្ហាញដ្រូនថ្មីរបស់ខ្លួនពីរម៉ូឌែល ដែលជាជំនាន់ថ្មីរបស់ដ្រូន Mavic Pro និង Phantom 4 និងត្រូវបានបង្កើនសមត្ថភាពកាន់តែល្អប្រសើរខ្លាំង។

Mavic Pro Plantinum បានបង្ហាញវត្តមានជាមួយការរចនាបន្ថែមខ្សែឆ្នូតពណ៌មាស និងបង្កើនរយ:ពេលហោះហើរ ១១% និងកាត់បន្ថយកម្រិត Noise រហូតដល់ ៦០% ធៀបនឹងជំនាន់មុនរបស់វា។ ជាមួយការបង្កើនរយ:ពេលហោះហើរនេះ ធ្វើឱ្យថ្មរបស់វា អាចទ្រទ្រង់ប្្រតិបត្តិការលើអាកាសបានដល់ទៅ ៣០ នាទី មុនពេលត្រូវការសាកបញ្ចូលថាមពលឡើងវិញ។

ចំណែក Phantom 4 Pro Obsidian គឺត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ថតរូបភាព-វីដេអូពីលើអាកាសជាលក្ខណ:អាជីព។ តួខ្លួនស្រោបដោយស្រទាប់លោហ:រលើបរលោងពណ៌ប្រផេះ និងបំពាក់កទប់លំនឹងស្រោបដោយលោហ:ម៉ាញេស្យូម យ៉ាងរឹងមាំ និងប្រណិតផងដែរ។

ក្រុមហ៊ុន DJI ក៏គ្រោងនឹងណែនាំពី Firmware ថ្មីសម្រាប់ដ្រូនខ្នាតតូចបំផុតរបស់ខ្លួនឈ្មោះ Spark ដែលអាចថតរូបបណ្តោយវែងជាលក្ខណ: fisheye និងដែលអាចចែកបន្តទៅបណ្តាញសង្គមផ្សេងៗបាន។ Firmware ថ្មីនោះ នឹងមានសម្រាប់កម្មវិធីទូរសព្ទប្រើជាមួយ DJI Go 4 ដែលនឹងចេញឆាប់ៗខាងមុខ។

Mavic Pro Platinum ថ្មីរបស់ DJI នឹងបើកឱ្យអតិថិជនធ្វើការកម្ម៉ង់ទិញទុកមុន តាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន ជាមួយតម្លៃ ១,០៩៩ ដុល្លារ ចំណែក Phantom 4 Pro Obsidain នឹងដាក់លក់ក្នុងតម្លៃ ១,៤៩៩ ដុល្លារ ហើយក្រុមហ៊ុននឹងចាប់ផ្តើមចែកចាយលក់លើទីផ្សារក្នុងខែកញ្ញានេះ៕

ប្រភពព័ត៌មាន macrumors

មតិយោបល់