ទូរស័ព្ទដៃទំនើបលំដាប់កំពូលរបស់ក្រុមហ៊ុន Samsung ជំនាន់បន្ទាប់ គឺ Galaxy S8 ត្រូវបានគេរំពឹងថា នឹងបញ្ចេញនៅដើមឆ្នាំក្រោយនេះ ជាមួយមុខងារថ្មីដ៏អស្ចារ្យមួយឈ្មោះថា Artificial Intelligent (AI) Assistance ឬ “ជំនួយការបញ្ញាញ្ញាណនិមិត្ត”។
ការរំពឹងទុកនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី Samsung បានប្រកាសថា ខ្លួនបានទិញយកកម្មវិធី Viv Labs រួចជាស្រេចហើយ កាលពីខែមុន។
កម្មវិធី Viv Labs ត្រូវបានបង្កើតឡើងដោយស្ថាបនិកកម្មវិធីជំនួយការសំឡេងឌីជីថល Siri របស់ក្រុមហ៊ុន Apple ពីររូប គឺលោក Dag Kittlaus និង Adam Cheyer ដោយប្រើប្រាស់នូវបច្ចេកវិជ្ជាគំរូថ្មីមួយ អាចមានញ្ញាណដឹងពីអន្តរសកម្មភាពរបស់មនុស្សជាមួយកុំព្យូទ័រនានា។
វាប្រើប្រាស់នូវអ្វីម្យ៉ាងហៅថា “ប្រព័ន្ធកម្មវិធីឌីណាម៉ិច”ដែលមានសមត្ថភាពអាចសរសេរកូដបង្កើតចេញជាកម្មវិធីបានដោយខ្លួនវាផ្ទាល់មួយរំពេច ដោយផ្អែកលើសំណើផ្សេងៗដែលធ្វើឡើងទៅលើវា ដូចជាតាមរយៈសំឡេងជាដើម។
នៅក្នុងរបាយការណ៍សង្ខេបមួយចេញផ្សាយដោយសារព័ត៌មាន Reuters ក្រុមហ៊ុន Samsung ថ្លែងថា ការដាក់បន្ថែមមុខងារ AI ដែលជាបច្ចេកវិជ្ជារបស់ Viv ទៅលើ Galaxy S8 នឹងបើកផ្លូវឱ្យមានការបង្កើតចេញនូវប្រភេទសេវាកម្មថ្មីៗយ៉ាងសម្បូរបែប និងយ៉ាងទូលំទូលាយបន្ថែមទៀតសម្រាប់អតិថិជនរបស់ខ្លួន។
ពោលគឺ ជំនួយការបញ្ញាញ្ញាណនិមិត្តនេះកាន់តែឆ្លាតវៃ នៅពេលដែលក្រុមអ្នកអភិវឌ្ឍកម្មវិធីដាក់បញ្ចូលសេវាកម្មផ្សេងៗទៅឱ្យវាកាន់តែច្រើន។ នេះបើតាមការអះអាងរបស់ប្រធានផ្នែកបច្ចេកវិជ្ជារបស់ក្រុមហ៊ុន Samsung Mobile Business លោក Injong Rhee។
តាមការគូសបញ្ជាក់លើគេហទំព័រ the Journal កំពូលស្មាតហ្វូន Galaxy S8 អាចនឹងមានប៊ូតុងចុចនៅជំហៀងមួយ ដែលនៅពេលអ្នកប្រើប្រាស់ចុចលើវា មុខងារ AI នឹងចាប់ដំណើរការ។
គួរបញ្ជាក់ផងដែរថា ការប្រកាសឱ្យដឹងអំពីវត្តមាននៃបច្ចេកវិជ្ជា AI របស់ Viv ដែលគ្រោងនឹងបំពាក់ឱ្យទូរស័ព្ទលំដាប់កំពូលៗរបស់ក្រុមហ៊ុន Samsung បានធ្វើឡើងភ្លាមៗក្រោយពីការប្រកាសចេញទូរស័ព្ទដៃទំនើប Pixel និង Pixel XL ដែលមានភ្ជាប់មកជាមួយជំនួយការ AI ផ្តាច់មុខរបស់ក្រុមហ៊ុន Google៕
ប្រភព៖ toptechnews.com
មតិយោបល់