ព័ត៌មានបច្ចេកវិទ្យា

ប្រធានក្រុមហ៊ុន Nokia ប្រចាំប្រទេសចិន៖ ស្មាតហ្វូន និង Tablet ថ្មីប្រើ Android នឹងប្រកាសបង្ហាញនៅចុងឆ្នាំនេះ

ចិន៖ បុគ្គលិកជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន Nokia បានអះអាងថា ស្មាតហ្វូន និង Tablet ដំបូងរបស់ Nokia នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ បន្ទាប់ពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Microsoft ត្រូវបានបញ្ចប់។

លោក Mike Wang ប្រធានក្រុមហ៊ុន Nokia ប្រចាំប្រទេសចិន បានបញ្ជាក់ និងអះអាងប្រាប់ទស្សនាវដ្ដី The Paper ថា ឧបករណ៍ថ្មីរបស់ Nokia ប្រហែលជា ៣ ឬ៤ នឹងត្រូវបង្ហាញខ្លួននៅក្នុងត្រីមាសទី៤ឆ្នាំនេះ ក្នុងនោះរួមមានទាំងស្មាតហ្វូន និង Tablet ដែលសុទ្ធសឹងតែប្រើប្រាស់ប្រព័ន្ធដំណើរការ Android។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Nokia ក៏ធ្លាប់បានបញ្ជាក់ឲ្យដឹងម្ដងរួចហើយដែរថា ខ្លួននឹងវិលត្រឡប់មកកាន់ទីផ្សារទូរស័ព្ទដៃជាមួយនឹងស្លាកសញ្ញា Nokia ប៉ុន្តែប្រើប្រាស់ប្រព័ន្ធដំណើរការ Android។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nokia បានលក់អាជីវកម្មទូរស័ព្ទចល័តឲ្យទៅ Microsoft កាលពីឆ្នាំ ២០១៤ ជាមួយនឹងតម្លៃ ៧,២ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ លក្ខខណ្ឌត្រូវបានកំណត់ថា ក្រុមហ៊ុន Nokia គ្មានសិទ្ធិផលិតទូរស័ព្ទដៃ ប្រើស្លាកសញ្ញា Nokia រហូតដល់ត្រីមាសទី៤ ឆ្នាំ២០១៦៕

smartphon & Tablet use android

មតិយោបល់