ព័ត៌មានបច្ចេកវិទ្យា

នៅចិនមានភ្ញៀវតែពីរនាក់គត់ តម្រង់ជួរចូលទិញ iPhone 8 ថ្ងៃសម្ពោធលក់ដំបូង

ខុសពីឆ្នាំមុនៗ ដែលគេតែងសង្កេតឃើញមានមនុស្សម្នាឈរតម្រង់ជួរគ្នាយ៉ាងវែងអន្លាយដើម្បីចូលទៅទិញទូរសព្ទដៃ iPhone នៅថ្ងៃបើកសម្ពោធលក់ដំបូងឱ្យបានមុនគេ នៅតាមហាងចែកចាយផ្លូវការរបស់ក្រុមហ៊ុន Apple ក្នុងប្រទេសនានា ក្នុងឆ្នាំនេះ ទិដ្ឋភាពដ៏អ៊ូរអរបែបនោះ គឺមិនត្រូវបានគេឃើញទៀតនោះទេ ជាពិសេសនៅក្នុងប្រទេសចិន។ យោងតាមគេហទំព័រ Zerohedge បានឱ្យដឹងថា នៅថ្ងៃសម្ពោធលក់ផលិតផល iPhone 8 និង 8 Plus ដំបូងនៅក្នុងប្រទេសចិន នាថ្ងៃទី ២២ កញ្ញា គឺគេឃើញមានតែអតិថិជនពីរនាក់ប៉ុណ្ណោះ ដែលបានចូលទៅទិញ iPhone ម៉ូឌែលថ្មី ហើយចំនួននេះ គឺតិចជាងចំនួនសន្តិសុខរបស់ហាងទៅទៀត។ សភាពស្ងាត់ជ្រងំបែបនេះ ក៏ត្រូវគេរាយការណ៍ថា​ កើតមាននៅហាង Apple នាទីក្រុងហុងកុងផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍នៅលើគេហទំព័របច្ចេកវិទ្យា Cnet

គេហទំព័រដដែលបានឱ្យដឹងបន្ថែមថា ទាក់ទងទៅនឹងបញ្ហានេះ​ មានអ្នកប្រើប្រាស់បណ្តាញសង្គម Weibo របស់ចិនមួយចំនួនថា​ ពួកគេសុខចិត្តចាំទិញ iPhone X វិញ ដែលវានឹងមកដល់ក្នុងខែវិច្ឆិកាខាងមុខ។
ដោយឡែកមានមតិខ្លះនិយាយថា ការធ្លាក់ចុះនៃចំនួនអ្នកតម្រង់ជួរចាំទិញ iPhone ស៊េរីថ្មីនៅពីមុខហាង Apple ខុសពីឆ្នាំសព្វមួយដងបែបនេះ គឺដោយសារតែមធ្យោបាយកម្ម៉ង់ទិញតាមអនឡាញមានភាពងាយស្រួលខ្លាំងនាពេលបច្ចុប្បន្ន។ ដោយអតិថិជនអាចធ្វើបែបនេះបានតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Apple, ឬតាមផ្សារអនឡាញនានាដូចជា Alibaba ជាដើម។

គួរបញ្ជាក់ថា មិនមែនតែនៅប្រទេសចិននោះទេ ដែលចំនួនអ្នកតម្រង់ជួរចូលទិញ iPhone ស៊េរីថ្មី មានការស្រុតចុះដូច្នោះ។ បើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters សូម្បីតែហាង Apple នៅទីក្រុង Sydney ប្រទេសអូស្រ្តាលី គឺមានមនុស្សតែ ៣០ នាក់ប៉ុណ្ណោះ ដែលឈរតម្រង់ជួរ ខុសស្រឡះពីឆ្នាំមុន ដែលមានដល់ទៅរាប់រយនៅឈរចាំពីមុខហាង Apple Store។

លើសពីនេះទៅទៀត នៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក បើតាមអ្នករាយការណ៍របស់ ABC7 អ្នកស្រី Chelsea Edwards បានឱ្យដឹងថា គ្មានមនុស្សណាម្នាក់នៅឈរតម្រង់ជួរចាំពីមុខហាង Apple Store តែម្តង៕

 

មតិយោបល់