ព័ត៌មានបច្ចេកវិទ្យា

Apple ចេញមុខទាត់ចោលរបាយការណ៍ Bloomberg ពីរឿង Face ID

ក្រុមហ៊ុន Apple នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ បានចេញសេចក្តីថ្លែងការមួយ ច្រានចោលរបាយការណ៍ពីគេហទំព័រព័ត៌មាន Bloomberg ដែលថា ខ្លួនបានកាត់បន្ថយកម្រិតប្រចក្ស (ភាពត្រឹមត្រូវ) នៃមុខងារ Face ID ដើម្បីពន្លឿនការផលិត iPhone X ឱ្យទាន់កាលកំណត់។

ក្រុមហ៊ុនបានបញ្ជាក់ថា បញ្ហាផ្សេងៗដែលកើតមាននៅក្នុងផលិតកម្មទូរសព្ទ iPhone X គឺត្រូវបានដោះស្រាយយ៉ាងល្អប្រសើររួចទៅហើយមកទល់ពេលនេះ។ យើងបានស្តាប់ឮច្រើនខែមកហើយនូវបញ្ហាដែលបណ្តាអ្នកផ្គត់ផ្គង់បានលើកឡើងទាក់ទងទៅនឹងគ្រឿងបង្គុំ 3D-Sensor របស់មុខងារ Face ID។

ក្រុមហ៊ុនបានបន្ថែមថា ការចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យា Face ID បំពាក់នៅលើ​ iPhone X ពីសំណាក់អតិ​ថិជន គឺក្លាវក្លាខ្លាំងណាស់។ យើងអន្ទះសារចង់ឱ្យថ្ងៃសុក្រ ទី ៣ វិច្ឆិកា មកដល់ខ្លាំងណាស់ដើម្បីឱ្យអតិថិជនរបស់យើងចាប់កាន់ iPhone X ក្នុងដៃរបស់ពួកគេ។

Apple លើកឡើងបន្ថែមថា Face ID គឺជាប្រព័ន្ធផ្ទៀងផ្ទាត់សន្តិសុខដ៏មានខ្លាំងក្លាមួយ ដែលផ្តល់ភាពងាយស្រួល និងឆ្លាតវៃបំផុត ហើយចំពោះគុណភាព និងភាពប្រចក្សនៃមុខងារនេះ គឺគ្មានការផ្លាស់ប្តូរនោះទាល់តែ​សោះ៕

Apple បង្ខំចិត្តធ្វើរឿងមួយដើម្បីផលិតចេញ iPhone X ឱ្យទាន់កាលកំណត់

ប្រភពព័ត៌មានៈ 9to5mac

មតិយោបល់